(ភ្នំពេញ)៖ លោកស្រីសាស្រ្ដាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ បានក្រើនរំលឹកដល់បុគ្គលិកសុខាភិបាលទាំងអស់ ឱ្យខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀត តាមជំនាញរបស់ខ្លួន ដោយប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីផ្ដល់នូវសេវាសុខាភិបាល ដែលប្រកបដោយគុណភាព និងសមត្ថភាព ជូនដល់ប្រជាពលរដ្ឋ តាមតម្រូវការរបស់ពួកគេ ដោយមិនមានការរើសអើងឡើយ ។
ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ បានធ្វើឡើងក្នុងឱកាសបើកដំណើរការសកម្មភាពនៃពិព័រណ៍សុខភាពកុមារ នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ មន្ដ្រីសុខាភិបាល និងមាតាបិតាកុមារជាច្រើននាក់ទៀត ។
ក្នុងឱកាសនោះ លោកស្រីសាស្រ្ដាចារ្យ គ្រុយ លាងស៊ីម បានអំពាវនាវឲ្យមានការចូលរួមយកចិត្ដទុកដាក់ លើបញ្ហាសុខភាពកុមារ ពីសំណាក់អាណាព្យាបាលកុមារផងដែរ ដើម្បីផ្ដល់ដំណោះស្រាយ ថែទាំព្យាបាលទាន់ពេលវេលា ត្រឹមត្រូវ និងមានសុវត្ថិភាព ។
លោកស្រី សាស្ដ្រាចារ្យ ថ្លែងបន្ដថា តាមរយៈព្រឹត្ដិការណ៍ពិព័រណ៍កុមារដំបូងគេនេះ និងសកម្មភាពនានារបស់មន្ទីរពេទ្យកុមារជាតិ គឺឆ្លុះបញ្ចំាង ឲ្យឃើញពីការយកចិត្ដទុកដាក់ខ្ពស់របស់មន្ទីរពេទ្យកុមារជាតិ ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេស គឺក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយអត្រាមានជំងឺ និងអត្រាមរណភាព និងការពិការភាព របស់កុមារយើង ។
លោកស្រីសាស្ដ្រាចារ្យ បញ្ជាក់ថា «យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កុមារគឺជាទំពាំងស្នងឫស្សី ដូច្នេះសុខភាពកុមារ ពិតជាសំខាន់ សម្រាប់អនាគត របស់ប្រទេសជាតិយើង ក៏ដូចជាសហគមន៍យើង និងគ្រួសារយើងផ្ទាល់ផងដែរ ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ តាមរយៈយុទ្ធសាស្ដ្ររបស់ក្រសួងសុខាភិបាល និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ យ៉ាងគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណាក៏ដោយ អត្រាមរណភាព កុមារ និងការវិវឌ្ឍជំងឺរបស់កុមារ នៅតែជាក្ដីកង្វល់ ដែលត្រូវយកចិត្ដទុកដាក់ខ្ពស់»។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកជំងឺ និងលើកកម្ពស់សុខភាពកុមារ មន្ទីរពេទ្យបាន ពង្រឹង និងពង្រីកសេវាកម្មព្យាបាលជាច្រើនបន្ថែមទៀត ឲ្យស្របទៅនឹងជំងឺកុមារនាពេលបច្ចុប្បន្ន។ ជាក់ស្ដែង ការផ្ដួចផ្ដើមថ្មី បង្កើតឱ្យមានពិព័រណ៍សុខភាពកុមារនេះឡើង ដោយបង្ហាញពីគោលបំណងច្បាស់លាស់ ក្នុងការលើកកម្ពស់ សុខភាពកុមារ ដើម្បីធ្វើឲ្យមានគុណភាពនៃជីវិតរបស់ពួកគេ តាមរយៈការបង្កើនការស្វែងយល់របស់ឪពុកម្ដាយ ស្ដីពីបញ្ហា សុខភាពកុមារ និងបើកឱកាស ឲ្យមានការចូលរួមរបស់អាណាព្យាបាលកុមារ ក្នុងការជួបពិភាក្សាយ៉ាងជិតស្និទ ជាមួយបុគ្គលិកជំនាញ នីមួយៗ ដែលទាក់ទងសុខភាព ។
លោកវេជ្ជបណ្ឌិត បន្ដទៀតថា «សូមមាតាបិតា អាណាព្យាបាលរបស់កុមារ ត្រូវស្វែងយល់ និងជ្រើសរើសមន្ទីរពេទ្យណា ដែលមានជំនាញ ឬមានឯកទេស ដែលត្រូវនឹងជំងឺរបស់កូនគាត់ ដើម្បីព្យាបាលឲ្យឆាប់ជាប្រកបដោយប្រសិទ្ធិភាពខ្ពស់ »។
លោកវេជ្ជបណ្ឌិត ថ្លែងបន្ថែមថា ប្រសិនបើ កុមារមានបញ្ហាសុខភាព វានឹងប៉ះពាល់ដល់ការលូតលាស់ បញ្ញាសា្មរតីរបស់កុមារផងដែរ។ វិបត្ដទាំងអស់នេះ មិនត្រឹមតែ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារកុមារផ្ទាល់នោះទេ វានឹងជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ច ទាំងមូល ក៏ដូចជា ការអភិវឌ្ឍជាតិយើង។ សូមមាតាបិតាទាំងអស់ កត់សម្គាល់ពីសញ្ញា និងរោគសញ្ញាដែលលេចឡើង ខុសពីធម្មតាណាមួយរបស់កុមារ និងនាំកុមារមកពិគ្រោះជាមួយគ្រូពេទ្យ ជំនាញឲ្យបានទាន់ពេលវេលា ៕