(ភ្នំពេញ)៖ ខណៈដែលវិស័យអលនទ្រព្យ ក្នុងប្រទេសកម្ពុជា នៅតែមានកំណើន និងសក្ដានុពលសម្រាប់វិនិ យោគនោះ សេវាប្រឹក្សាទិញលក់ជួល នៅក្នុងវិស័យនេះ ក៏ត្រូវបានគេមើលឃើញថា ហាក់មានកំណើនខ្លាំងដូចគ្នាដែរ ក្នុងនោះគេឃើញថា មានក្រុមហ៊ុនក្នុងនិងក្រៅស្រុកជាច្រើន បានបើកជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែម និងជួយដល់វិនិយោគិន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកសេវាផ្នែកអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផ្ដល់សេវា ផ្នែកអចលនទ្រព្យជាច្រើន បានបង្កើតឡើង និងនាំសិទ្ធិអាជីវកម្មជាបន្តបន្ទាប់ពីក្រៅប្រទេស មកកាន់កម្ពុជា ក្នុងនោះដែរ ក្រុមហ៊ុនអចលនទ្រព្យ ដែលសិទ្ធិអាជីវកម្មពីអាមេរិក Century 21 បានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនមួយនេះ បានពង្រីកខ្លួនរហូតដល់៤ការិយាល័យ រឺ៤ក្រុមហ៊ុននៅក្រោមបុត្រសម្ព័ន្ធរបស់ Century 21 Cambodia។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Century 21 ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជានេះដែរ ក៏ព្រោះតែវិស័យអចលនទ្រព្យនៅក្នុងប្រទេសម្ពុជា មានកំណើនឡើង ហើយការផ្ដល់សេវាទិញលក់និងជួលអចលនទ្រព្យ ក៏ហាក់នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ដែលជាហេតុធ្វើឱ្យម្ចាស់អចលនទ្រព្យ មួយចំនួន មិនបានឆ្លងកាត់អ្នកជំនាញ និងត្រូវទិញឬលក់ដោយប្រថុយប្រថាន និងមិនដឹងពីទីផ្សារច្បាស់ ។
លោកបន្តថា វិស័យអចលនទ្រព្យ នៅកម្ពុជា បើធៀបនឹងប្រទេសជិតខាង អាចថានៅក្មេងខ្ចីជាងគេនៅឡើយ និងទាមទារឱ្យមានវិនិយោគច្រើនបន្ថែមទៀត ពីព្រោះទាំងដី ទាំងអគារ នៅកម្ពុជាមានកម្រិត និងនៅមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ពីសំណាក់អ្នកវិនិយោគ ក្នុង និងក្រៅប្រទេស ហើយសេវាកម្មផ្នែកនេះ ក៏នៅតែមានឱកាសខ្ពស់ ដើម្បី បំពេញទៅតាមតម្រូវការទីផ្សារ ។
ជាមួយគ្នានេះដែរលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Century 21 Mekong បានឱ្យដឹងផងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយកំពុងរីកចម្រើន នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ និងមានជំនឿថា វានឹងនៅតែរីកចម្រើន ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ហើយវិស័យនេះដែរ វានឹងហុចសក្ដានុពលខ្ពស់ដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
លោកបានបន្តថា ចំពោះវិស័យសេវាកម្មទិញលក់ ជួលអចលនទ្រព្យ នៅក្នុងរយៈពេលចុងក្រោយនេះ ហើយកាលពីមុន ការទិញលក់អចលនទ្រព្យ គឺធ្វើឡើងដោយម្ចាស់ភាគច្រើន ប៉ុន្តែពេលនេះ វាបានប្តូរផ្នត់គំនិតបន្តិចម្ដងៗ ងាកទៅរក ការប្រើប្រាស់ភ្នាក់ងារដែលមានជំនាញ និងកំពុងរីកចម្រើន ជាបន្តបន្ទាប់។ ការយល់ដឹងពីការប្រើប្រាស់ភ្នាក់ងារអលចនទ្រព្យត្រឹមត្រូវ គឺវានឹងចំនេញពេលវេលាច្រើនសម្រាប់ម្ចាស់អចលនទ្រព្យ។
ដោយឡែកលោក ខេន ឡូ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial realty ដែលជាបុត្រសម្ព័ន្ធរបស់ Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា ដោយមើលថា វិស័យអចលនទ្រព្យវាបានរីកចម្រើននេះហើយ ទើបក្រុមហ៊ុនCentury 21 Cambodia បង្កើតសាខាបន្ថែមទៀត ដើម្បីរង់ចាំផ្ដល់សេវាអចលនទ្រព្យជូនវិនិយោគិន និងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។ ការបង្កើតសាខានេះដែរ ក៏ដើម្បីបង្ខិតសេវារបស់ខ្លួនឱ្យកាន់តែចូលទៅជិតអតិថិជន និងអ្នកវិនិយោគ និងដើម្បីជំរុញឱ្យមានការប្រើប្រាស់អ្នកមានជំនាញ ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើនឡើង៕