(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅសាលបុរីកោះពេជ្រ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជានាថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០១៨ ដើម្បីអនុវត្តប្រតិបត្តិការធនាគារ។
ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាពលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងវត្តមានលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក អ៊ូ ចាន់តារា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគមធនាគារនៅកម្ពុជា ឧកញ៉ា ចេន ហ្ស៊ី និងលោក ហ្គុយ ឆាយ ភាគទុនិកធនាគារព្រីនស៍ ម.ក ព្រមទាំងមានការចូលរួមរីករាយ និងអបអរសាទរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់។
មុនពេលក្លាយជាធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ក្រោមឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។
ធនាគារព្រីនស៍ ម.ក កំពុងចាប់ផ្តើមផែនការពង្រីកអាជីវកម្មដ៏ធំក្នុងរយៈពេល៥ឆ្នាំខាងមុខ តាមរយៈការពង្រីកបណ្តាញផ្តល់សេវាអតិថិជន (Customer Touch Point) ក៏ដូចជាការណែនាំផលិតផលថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីឌីជីថល។ ផែនការនេះនឹងធ្វើឲ្យធនាគារដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុជាបន្តបន្ទាប់។
ជាមួយនឹងបរិយាកាសអាជីវកម្មមានភាពអំណោយផល រួមនឹងឆន្ទៈរបស់ម្ចាស់ភាគហ៊ុន ព្រមជាមួយការប្តេជ្ញាចិត្តចំពោះការវិនិយោគយូរអង្វែងនៅក្នុងឧស្សាហកម្មធនាគារ និងបុគ្គលិកដែលមានបទពិសោធន៍ ទេពកោសល ចំណេះដឹងទីផ្សារក្នុងស្រុក ធនាគារព្រីនស៍ ម.ក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមដំណើរការពង្រីកអាជីវកម្មបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩ តទៅ។
ទិសដៅរបស់ធនាគារ គឺចង់ពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងការរួមចំណែកបំពេញចំណុចខ្វះខាតរបស់វិស័យហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងវិនិយោគិនក្នុងស្រុក ហើយរួមចំណែកក្នុងការកាត់បន្ថយគម្លាតបរិយាប័ន្នហិរញ្ញវត្ថុចំពោះប្រជាជន និងសហគ្រាសធុនតូច និងមធ្យម ដែលពុំមានលទ្ធភាពទទួលបានសេវាធនាគារ ហើយបន្តកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងបរិបទម៉ាក្រូសេដ្ឋកិច្ច ដែលមានលក្ខណៈអំណោយផល។
កំណើនអាជីវកម្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមនឹងការរីកចម្រើននៃប្រព័ន្ធធនាគាររបស់ប្រទេស តាមរយៈការវិនិយោគបន្ថែម លើការកសាងសមត្ថភាពធនធានមនុស្ស និងបច្ចេកវិទ្យាស្របតាមការអភិវឌ្ឍជាបន្តបន្ទាប់ នៃប្រព័ន្ធធនាគារនៅក្នុងតំបន់ និងពិភពលោក៕