(ម៉ាឌ្រីដ-អេស្បាញ)៖ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) បាននឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំព្រឹត្តិការណ៍ និងសន្និសីទទេសចរណ៍ពិភពលោកធំៗនៅកម្ពុជា នាពេលខាងមុខ ពិសេសការរៀបចំសន្និសីទអន្តរជាតិស្ដីពី អរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ នៅចុងឆ្នាំ២០២១។
ការលើកឡើងរបស់អគ្គលេខាធិការ UNWTO យ៉ាងដូច្នេះ ធ្វើនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការអចិន្ត្រៃយ៍របស់អង្គការ UNWTO ស្ថិតនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ពិភពលោក។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកអគ្គលេខាធិការ និងបានបញ្ជាក់ជូនអង្គការ UNWTO អំពីការគាំទ្រ និងឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យក្រសួងទេសចរណ៍សហការជាមួយអង្គការ UNWTO លើគម្រោងរៀបចំសន្និសីទអន្តរជាតិដ៏ធំមួយស្តីពី អរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ នៅប្រទេសកម្ពុជា។
លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់ អាស៊ីប៉ាសីហ្វិក លោក ជូ សានចុង (Zhu Shangzhong) អគ្គលេខាធិការរង និងសហការីទាំងអស់ បានសម្ដែងនូវការរីករាយ និងអរគុណដ៏ធំធេងចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយសន្យាបន្តពិភាក្សាលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធ និងកម្ពុជា ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ឱ្យបានជោគជ័យដែលគ្រោងមានសមាជិកអន្តរជាតិចូលរួមប្រមាណ ១,០០០នាក់ មកពី១០០ប្រទេស ជាសមាជិកអង្គការ UNWTO នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅសៀមរាប-អង្គរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យទេសចរណ៍ និងបានថ្លែងអំណរគុណដល់អង្គការ UNWTO ដែលតែងតែគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងសកលលោក។
លោក Zurab Pololikashvili បានកោតសរសើរដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយលោកក៏បានអបអរសាទរដល់កម្ពុជា ដែលឆ្នាំ២០១៨ កន្លងទៅ បានទទួលទេសចរអន្តរជាតិរហូតដល់ ៦.២លាននាក់ កើនដល់ ១១% ខណៈដែលពិភពលោកទទួលបានទេសចរអន្តរជាតិចំនួន ១,៤០០លាននាក់ ក្នុងកំណើន ៦%។
លោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការរៀបចំសន្និសីទពិភពលោកលើកទី១ ស្ដីពីទេសចរណ៍ និងវប្បធម៌ កាលពីឆ្នាំ២០១៥ នៅសៀមរាបអង្គរ ហើយដែលព្រឹត្តិការណ៍នេះបាននិងកំពុងក្លាយជាព្រឹត្តិការណ៍របស់ពិភពលោក ដែលត្រូវបានបន្តទទួលរៀបចំជាលើកទី២ ឆ្នាំ២០១៧ នៅប្រទេសអូម៉ង់ (Oman) លើកទី៣ ឆ្នាំ២០១៨ នៅប្រទេសតួកគី លើកទី៤ ឆ្នាំ២០១៩ នៅប្រទេសជប៉ុន និងបន្តបន្ទាប់ទៀត នៅពេលខាងមុខ។
ទន្ទឹមនឹងនេះដែរ អង្គការ UNWTO នឹងជួយកម្ពុជាលើ៖
* ការរៀបចំពិព័រណ៍ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ឆ្នាំ២០១៩នេះ ស្របពេលនឹងការតាំងពិព័រណ៍ទេសចរណ៍ក្នុងស្រុក។
* ចូលរួមគាំទ្រសន្និសីទអន្តរជាតិស្ដីពី ការសម្រួលការធ្វើដំណើរ និងទិដ្ឋការសម្រាប់ប្រទេសអាស៊ានបូកបី អំឡុងខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជា។
* រៀបចំកិច្ចប្រជុំបណ្ដាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាពអន្តរជាតិ នៅខេត្តសៀមរាប។
* ព្រមទាំងសហការគាំទ្រកម្ពុជារៀបចំព្រឹត្តិការណ៍តំបន់ និងពិភពលោកផ្សេងៗទៀតរបស់អង្គការ UNWTO៕