(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន៣រូប ទទួលបានពានរង្វាន់នៅក្នុងកម្មវិធី «ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រក្រោមនវានុវត្តន៍ របស់យុវជន ស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» ដែលកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថ្លែងនៅក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធី «ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័តក្រោមនវានុវត្តន៍របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាងលើកទី៤» ហើយអ្វីដែលពិសេសគឺបានឃើញនិស្សិតកម្ពុជា និងនិស្សិតនៃបណ្តាប្រទេសតាមបណ្តោយទន្លេមាគង្គ បង្កើតគំនតច្នៃប្រឌិតថ្មីៗ។
លោក ទូច វិសាលសុខ បានបន្ថែមថា និស្សិតកម្ពុជា៣រូប ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ«អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤»ដែលអាចឈរលើវេទិកា ជាមួយនិស្សិតមានសមត្ថភាពជំនាញនិងភាសាអង់គ្លេសខ្ពស់ មកពីប្រទេសថៃ, ឡាវ, វៀតណាម, ចិន, មីយ៉ាន់ម៉ា ដែលជាប្រទេសនៅក្នុងមេគង្គ-ឡានឆាង។
ជាមួយគ្នានោះ តំណាងឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ទូច វិសាលសុខ ក៏បេ្តជ្ញាថា នឹងនៅតែបន្តគាំទ្រ និងសហការជាមួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង ថែមទៀតនាថ្ងៃអនាគត ដើម្បីផលប្រយោជន៍រួម ជាពិសេសដើម្បីមនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍ពីទន្លេមេគង្គ។
បន្ថែមពីលើនេះ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញ (RUPP) បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលមាននិស្សិតកម្ពុជាបានទទួលជ័យលាភី នៅក្នុង «កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤»។
លោក ជេត ជាលី បន្តថា ជ័យជំនះនេះ មិនត្រឹមតែជាក្តីរីករាយរបស់និស្សិតផ្ទាល់នោះទេ តែក៏ជាមុខមាត់របស់ប្រទេសកម្ពុជា ក៏ដូចជារបស់សាកលវិទ្យាល័យផងដែរ។ យុវជនយើងមានចំណេះដឹង និងសេចក្តីក្លាហានក្នុងការបង្កើតគំនិតថ្មីៗនិងបង្ហាញគំនិតថ្មីៗទាំងនោះ ក្នុងកម្រិតតំបន់រហូតមានការគាំទ្រយ៉ាងខ្លាំង។
លោក ថាត់ អៀងមនោរ និស្សិតឆ្នាំទី២ ដេប៉ាត់ម៉ង់ អភិវឌ្ឍន៍សហគមន៍ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិនញទភ្នំពេញ ហើយក៏ជានិស្សិតកម្ពុជាមួយរូប ក្នុងចំណោម៣រូប ដែលទទួលបាន ជ័យលាភី «កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» ដែលទទួលបានពានមួយដែលមានឈ្មោះថា The Most Value Issue Awards ជាគម្រោងបង្កើតផ្សារសម្រាប់លក់ផលិតផលបែបធម្មជាតិ។គម្រោងនេះ គឺបានជួយទៅដល់សង្គម និងការរីកចម្រើនរបស់កម្ពុជា ។ ការសហការក្រុមជាលក្ខណៈអន្តរជាតិ រវាងប្រទេសមេគង្គ-ឡានឆាងទាំង៦។
លោក ថាត់ អៀងមនោរ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនឯង ដែលអាចយកជ័យលាភីបាន នៅក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសមេគង្គ-ឡានឆាងនាពេលនេះ។
លោក ថាត់ អៀងមនោរ បានលើកឡើងថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ជាច្រើន ទៅដល់បេក្ខជន ក៏ដូចជានិស្សិតផ្ទាល់ ពីព្រោះកម្មវិធីនេះ បានរៀបចំឡើងដើម្បីឲ្យយុវជន ក៏ដូចជានិស្សិត ចូលរួមយ៉ាងសកម្ម ក្នុងការជួយទៅដល់សង្គម ឲ្យមានការផ្លាស់ប្តូរ ក៏ដូចជាជួយទៅដល់បរិស្ថានពិភពលោក និងបរិស្ថាននៅក្នុងប្រទេសកម្ពុជាទាំងមូល ឲ្យប្រកបដោយនិរន្តរ៍ភាព។
និស្សិតកម្ពុជាដ៏ឆ្នើមរូបនេះ បានផ្តាំផ្ញើដល់និស្សិត និងយុវជនដទៃទៀត សូមឲ្យមានសេចក្តីក្លាហាន និងចេះស្វះស្វែង ជាពិសេសស្វែងយល់ពីសង្គមឲ្យបានច្រើន នោះគាត់នឹងបានយល់កាន់តែច្បាស់ពីសង្គមនោះ ថាមានភាពខ្វះខាតអ្វី ហើយត្រូវការអ្វី ដើម្បីបំពេញបន្ថែមឲ្យសង្គមនោះដំណើរការទៅមុខ ដោយភាពរីកចម្រើន។ បន្ថែមពីលើនេះ ក្រុមនិស្សិត និងយុវជនដទៃទៀត ក៏អាចចាប់យកឱកាសល្អបែបនេះ ដើម្បីពង្រីកចំណេះដឹងខ្លួនឯង ហើយអ្វីដែលសំខាន់ គឺត្រូវរៀនភាសាអង់គ្លេស ឲ្យបានល្អ ដើម្បីជាការទំនាក់ទំនងជាមួយពិភពលោកបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៤ហើយ ដែលបណ្តាប្រទេសមេគង្គ-ឡានឆាង រួមមានចិន ឡាវ ភូមា ថៃ កម្ពុជា វៀតណាម បានរៀបចំការប្រកួតប្រជែរបសតុវជនក្នុងការបង្កើតគម្រោងថ្មី។ ឆ្នាំនេះការប្រកួតប្រជែងស្ថិតក្រោមប្រធានបទស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាង៕