(ភ្នំពេញ)៖ ភ្លាមៗ​ក្រោយ​ពី​ទណ្ឌិត សម រង្ស៉ី ប្រកាស​ឲ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្តាប់​នូវ​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នោះ កងទ័ពទាំងអស់នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ បាន​សម្តែង​ការ​ប្រតិកម្ម និង​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៅ​វិញ​ថា កងទ័ព​ស្មោះស្ម័គ្រ និង​ស្តាប់​រាល់​បទបញ្ជា​របស់​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អគ្គមេបញ្ជាការ​កំពូលរ​បស់​កងទ័ព​។​

លោកឧត្តមនាវីឯក ស្រ៊ុន សារឿន​ មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវីទាំងអស់​​ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩​នេះ​បានបញ្ជាក់ថា​ កងទ័ព​ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការការពារ​សុខសន្តិភាព ការពារ​សេចក្តីសុខរ​បស់​ប្រជាពលរដ្ឋ​។ ជាពិសេស​កងទ័ព​តែងតែ​ស្តាប់​នូវ​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​កំពូល​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការអនុវត្តច្បាប់ និង​ចាត់វិធានការ​ចំពោះ​ក្រុម​ជន​ទណ្ឌិត ដែល​មាន​មហិច្ឆតា​ប៉ុនប៉ង​បំផ្លាញ​នូវ​សុខសន្តិភាប ស្ថិរភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។​

ឧត្តមនាវីឯក ស្រ៊ុន សារឿន បានបញ្ជាក់ថា «​ពួកយើង​ជា​កងទ័ពបញ្ជាការដ្ឋានការពារកោះឆ្នេរ សូម​ប្រាប់​ទៅ​ទណ្ឌិត​រត់ចោល​ច្បាប់ និង​បក្ខពួក​ថា កងទ័ព​ស្តាប់ និង​គោរព​ជានិច្ច​នូវ​បទបញ្ជា របស់​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ដែលជា​មេបញ្ជាការ​កំពូល​របស់​កងទ័ព​។ ពួកយើង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការអនុវត្តន៍​ច្បាប់ អនុវត្តន៍​តាម​ដីកា​របស់​តុលាការ ចំពោះ​ជន​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​បំផ្លាញ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ដូចជា​ទណ្ឌិត សម រង្ស៉ី នេះ​»​។​

​លោក ស្រ៊ុន សារឿន បន្តថា «​សូម​លោក​ឯង​កុំ​ប្រឹងប្រែង​ញុះញង់​កងទ័ព គ្មាន​កងទ័ព​ណា​គេ​ស្តាប់​លោក​ឯង​ជា​ជន​កំសាក​ក្បត់ជាតិ​នោះឡើយ​។ កងទ័ព​គេ​ដឹង​ច្បាស់​ថា លោក​ឯង​ជា​ពូជ​ក្បត់ជាតិ បំផ្លាញ​ជាតិ​គ្មាន​នរណា​ទៅ​ស្តាប់​តាម​ការអំពាវនាវ​ឆ្កួត​លេលា​របស់លោក​ឯង​នោះទេ​។ ពួកយើងខ្ញុំជាកងទ័ព នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ សូម​អញ្ជើញ​ទណ្ឌិត សម រង្ស៉ី ចូល​ស្រុក​កុំ​បានតែ​ស្រែក​។ សូម​អញ្ជើញ​ចូល​មក​ចុះ​ពួកយើងខ្ញុំ​ជា​កងទ័ព​រង់ចាំ​លោក​ត្រឡប់មកវិញ​គ្រប់ពេល រង់ចាំ​ក្នុង​ការអនុវត្តន៍​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​រូបលោក​»​។​

​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ ​នៃ​ការបង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្តេច​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន បានប្រកាសឲ្យ​កងទ័ព​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ក្នុងការ​ការពារ​នូវ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​រួមគ្នា​ទប់ទល់​ជាមួយ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​កងទ័ព​ទាំងអស់ឲ្យ​អនុវត្តន៍​វិធានការ​កម្ទេចជន​បំផ្លាញ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា​នោះទេ​។ សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​មិន​ខ្លាច​នឹង​ចាត់វិធានការ​ចំពោះ​ជន​មួយ​ក្តាប់​តូច ដើម្បី​រក្សា​នូវ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នោះឡើយ​៕​