(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន សូហូ គ្រុប បានបង្កើតប្រវត្តិសាស្រ្ត ជាមួយនឹងផលិតផល Master Card ថ្មី ក្នុងគោលបំណងផ្តល់នូវអំណាចដល់ប្រជាជនកម្ពុជា ដែលមិនធ្លាប់ប្រើប្រាស់ សេវាកម្មធនាគារ ក្នុងការទិញទំនិញ ដោយមិនចាំបាច់មានគណនីធនាគារ។ ផលិតផលដែលដាក់បង្ហាញនេះ អាចប្រព្រឹត្តទៅបានដោយសារកិច្ចសហការត្រីភាគីរវាង ធនាគារឯកទេសវីង ក្រុមហ៊ុនម៉ាស្ទ័រកាត និង ក្រុមហ៊ុនសូហូគ្រុប។
ដោយទទួលបានការគាំទ្រដ៏ធំធេងពីអតិថិជនកម្ពុជា សម្រាប់ហាងលក់ផលិតផលម៉ាកល្បីៗរបស់ខ្លួន សូហូគ្រុប រួមជាមួយនឹងធនាគារឯកទេសវីង និងក្រុមហ៊ុនម៉ាស្ទ័រកាត កំពុងពង្រីកបទពិសោធន៍នៃការទិញទំនិញ លំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជា ដែលពុំធ្លាប់ប្រើប្រាស់សេវាធនាគារ ជាមួយនឹងកាតសមាជិកដំបូងបង្អស់របស់ខ្លួន «វីងសូហូក្លឹបម៉ាស្ទ័រកាត»។
វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលនាំមកជូនដោយវីង គឺជាប្រភេទម៉ាស្ទ័រកាត ដែលរួមបញ្ចូលម៉ាកសញ្ញារួមគ្នាដំបូងបង្អស់នៅកម្ពុជា នឹងអនុញ្ញាតឲ្យអតិថិជនជាម្ចាស់កាត ទទួលបានបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកថ្មី នៃការទទួលបានពិន្ទុសម្រាប់ប្តូរយករង្វាន់ និងការទូទាត់ថ្លៃទំនិញ ដោយមិនប្រើសាច់ប្រាក់ តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។
ទាំងអស់នេះ មានន័យថា បន្ថែមពីលើការប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ក្នុងការទិញទំនិញនៅបណ្តាហាងផលិតផលម៉ាកល្បីៗជាច្រើន របស់សូហូគ្រុប ដូចជា Havaianas, Birkenstock, Swatch និង Crocs ព្រមទាំង Bonchon អតិថិជនអាចប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ដើម្បីទូទាត់ថ្លៃអាហារ និងទិញនៅគ្រប់ទីកន្លែង ដែលទទួលទូទាត់តាមរយៈម៉ាស្ទ័រកាតជាង៨,០០០កន្លែងនៅកម្ពុជា និងជាច្រើនកន្លែងទៀតនៅក្រៅប្រទេស។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារវីង បានថ្លែងថា សូហូក្លឹបម៉ាស្ទ័រកាត នឹងនាំប្រជាជនកម្ពុជាគ្រប់រូប ក្នុងពិភពលោកនូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ តាមរយៈគណនីវីង របស់ពួកគេ មិនថានៅកម្ពុជា ឬជុំវិញពិភពលោក។ រាល់អតិថិជនដែលមានគណនីវីងឥឡូវនេះ អាចភ្ជាប់កាបូបឌីជីថលវីង ទៅនឹង វីងសូហូក្លឹបម៉ាស្ទ័រកាត និងចាប់ផ្តើមទទួលយកនូវបទពិសោធន៍ ក្នុងការកក់ដើរកម្សាន្ត ទិញឥវ៉ាន់ និងការញ៉ាំអាហារពេលល្ងាច លំដាប់ពិភពលោក។
ផលិតផលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញយុវវ័យរាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការទិញទំនិញ ប៉ុន្តែមិនមានគណនីធនាគារ ដើម្បីអាចទិញទំនិញគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ដោយគ្រាន់តែធ្វើការចុះឈ្មោះប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត និងដំឡើងកម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទដៃរបស់ពួកគេ។
លោក ម៉ាឡូឡូស បានបន្តទៀតថា «យើងជឿជាក់ថា វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារ តាមរយៈប្រជាប្រិយភាព នៃហាងលក់ផលិតផលម៉ាកល្បីៗរបស់សូហូគ្រុប និងអត្ថប្រយោជន៍ ដែលកាតសមាជិកនេះផ្តល់ជូន។ លើសពីនេះទៀត អតិថិជនវីងរាប់ពាន់នាក់ដែលកំពុងប្រើប្រាស់ វីងអនឡាញម៉ាស្ទ័រកាត ដែលបានដាក់ឲ្យដំណើរការនៅលើទីផ្សារកាលពីមួយឆ្នាំមុន ក៏អាចបន្តប្រើប្រាស់ វីងសូហូក្លឹបម៉ាស្ទ័រកាត ហើយនិងទទួលបានបទពិសោធទិញទំនិញលំដាប់ពិភពលោកដូចគ្នា និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ យើងជឿជាក់ថាអតិថិជនកាន់តែច្រើនឡើងៗ ដែលមានទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់វីងនឹងគាំទ្រយ៉ាងពេញទំហឹងដល់ វីងសូហូក្លឹបម៉ាស្ទ័រកាតនេះ»។
លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន សូហូគ្រុប បានលើកឡើងថា ផលិតផលថ្មីនេះ នឹងផ្តល់ជាឲកាសក្នុងការទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ថ្នាក់ លោកនិងសន្សំពិន្ទុ ដើម្បីប្តូរយករង្វាន់ ដល់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។ លោក ហេនរី ហន ជឿជាក់ថា វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែកាតសមាជិកនេះ បានផ្តល់នូវបទពិសោធន៍ទិញទំនិញ ដែលមានភាពរីករាយ និងងាយស្រួល នៅតាមបណ្តាហាង និងភោជនីយដ្ឋាន របស់ក្រុមហ៊ុនសូហូគ្រុប។
លោក ហេនរី ហន បន្ថែមថា «អតិថិជនដែលប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបានរង្វាន់ជាទឹកប្រាក់ត្រឡប់មកវិញ ការបញ្ចុះតម្លៃ ក៏ដូចជាប្រូម៉ូសិនពិសេសៗជាច្រើន ពេលពួកគាត់ប្រើប្រាស់វីង សូហូក្លឹបម៉ាស្ទ័រកាត ដើម្បីចាយវានៅតាមបណ្តាហាង និងភោជនីយដ្ឋានរបស់សូហូគ្រុប មិនថាជាហាងលក់ សម្លៀកបំពាក់ និងភោជនីយដ្ឋាននានា។ មូលហេតុចម្បងនៅពីក្រោយការបង្កើតកាតសមាជិក វីងសូហូក្លឹប ម៉ាស្ទ័រកាត គឺដើម្បីសម្តែង សេចក្តីថ្លែងអំណរគុណដល់អតិថិជន ដែលមានស្រាប់និងអតិថិជនថ្មី របស់សូហូគ្រុប សម្រាប់ការគាំទ្រដល់បណ្តាហាងរបស់ក្រុមហ៊ុន»។
លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិន បានថ្លែងថា «ជាមួយនឹងបរិបទ នៃការធ្វើប្រតិបត្តិការទូទាត់ប្រាក់ មានការវិវត្តន៍ខ្លាំងនៅកម្ពុជា ការកើនឡើងនៃការទូទាត់ប្រាក់ តាមទូរស័ព្ទ និងប្រព័ន្ធឌីជីថល កំពុងផ្តល់នូវឱកាសជាច្រើន ដើម្បីបំពេញតាមតម្រូវការ របស់ប្រជាជនដែលមានគណនីធនាគារ។ វីងសូហក្លឹបម៉ាស្ទ័រកាតមិនត្រឹមតែផ្តល់ជូននូវបទពិសោធន៍ ទិញឥវ៉ាន់ដែលមានសុវត្ថិភាព និងភាពរីករាយ ដល់អតិថិជននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្ត ឲ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុ»។
អតិថិជនរបស់ សូហូគ្រុប ដែលប្រើប្រាស់ វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន០១ពិន្ទុ នៅក្នុងកាតសមាជិកសម្រាប់រាល់ការចំណាយ១ដុល្លារ តាមរយៈកាតសមាជិកនេះ ដែលអតិថិជនអាចសន្សំពិន្ទុទាំងនោះ ដើម្បីធ្វើការប្តូរយករង្វាន់ធំៗជាច្រើន។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២0% សម្រាប់ការទិញទំនិញលើកដំបូង និងការបញ្ចុះតម្លៃ ១0% សម្រាប់រយៈពេលមួយឆ្នាំពេញផងដែរ។
ការដាក់ឲ្យដំណើរការ វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលមានសម្រាប់អតិថិជនចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រារព្ធធ្វើឡើង៥ខែ បន្ទាប់ពីធនាគារឯកទេសវីង និងក្រុមហ៊ុនសូហូគ្រុប ចុះកិច្ចព្រមព្រៀងទទួលយកសេវាកម្មទូទាត់ប្រាក់ដោយស្កេនកូដ QR របស់វីង មានឈ្មោះថា WingPay និងសេវាកម្មទូទាត់ប្រាក់អន្តរជាតិរបស់វីង រួមមាន AliPay, WeChat Pay និង MasterPass QR៕