សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខចំពោះការមរណភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ (Video Inside)
26-01-2019 14:34
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារកញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងល្បីមួយរូបនៅកម្ពុជា ដែលកញ្ញាបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា ដោយរោគាពាធ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា «មរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ប្រកបដោយកតញ្ញូតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យសិល្បៈផងដែរ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជំរាបថា តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព នៅមន្ទីរពេទ្យប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ៕