(ភ្នំពេញ)៖ ភ្លាមៗក្រោយពីទណ្ឌិត សម រង្ស៉ី ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នោះ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បានសម្តែងការប្រតិកម្ម និងបញ្ជាក់យ៉ាងដាច់ណាត់ទៅវិញថា កងទ័ពស្មោះស្ម័គ្រ និងស្តាប់រាល់បទបញ្ជារបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលរបស់កងទ័ព។
លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ចក្នុងការការពារសុខសន្តិភាព ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ជាពិសេសកងទ័ពតែងតែស្តាប់នូវបទបញ្ជារបស់អគ្គមេបញ្ជាការកំពូលសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តច្បាប់ និងចាត់វិធានការចំពោះក្រុមជនទណ្ឌិត ដែលមានមហិច្ឆតាប៉ុនប៉ងបំផ្លាញនូវសុខសន្តិភាប ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ឡាញ់ កៅ បានបញ្ជាក់ថា «ពួកយើងជាកងទ័ពបញ្ជាការដ្ឋានរថក្រោះ សូមប្រាប់ទៅទណ្ឌិតរត់ចោលច្បាប់ និងបក្ខពួកថា កងទ័ពស្តាប់ និងគោរពជានិច្ចនូវបទបញ្ជា របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដែលជាមេបញ្ជាការកំពូលរបស់កងទ័ព។ ពួកយើងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តន៍ច្បាប់ អនុវត្តន៍តាមដីការបស់តុលាការ ចំពោះជនប៉ុនប៉ងធ្វើបដិវត្តន៍បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដូចជាទណ្ឌិត សម រង្ស៉ី នេះ»។
លោក ឡាញ់ កៅ បន្តថា «សូមលោកឯងកុំប្រឹងប្រែងញុះញង់កងទ័ព គ្មានកងទ័ពណាគេស្តាប់លោកឯងជាជនកំសាកក្បត់ជាតិនោះឡើយ។ កងទ័ពគេដឹងច្បាស់ថា លោកឯងជាពូជក្បត់ជាតិ បំផ្លាញជាតិគ្មាននរណាទៅស្តាប់តាមការអំពាវនាវឆ្កួតលេលារបស់លោកឯងនោះទេ។ ពួកយើងខ្ញុំជាកងទ័ព នៅបញ្ជាការដ្ឋានរថក្រោះ សូមអញ្ជើញទណ្ឌិត សម រង្ស៉ី ចូលស្រុកកុំបានតែស្រែក។ សូមអញ្ជើញចូលមកចុះពួកយើងខ្ញុំជាកងទ័ពរង់ចាំលោកត្រឡប់មកវិញគ្រប់ពេល រង់ចាំក្នុងការអនុវត្តន៍ច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះរូបលោក»។
ក្នុងសេចក្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ក៏បានសុំផងដែរកុំឲ្យកងទ័ពចាត់ការចំពោះប្រជាពលរដ្ឋ ដែលលោកអះអាងថានឹងទៅទទួលរូបលោកពេលត្រឡប់ចូលស្រុកនោះ។ ឆ្លើយតបចំណុចនេះ លោក ឡាញ់ កៅ បានលើកឡើងថា ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងហើយ គឺឲ្យកងទ័ពគោរពស្រឡាញ់ និងជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះកងទ័ងកើតចេញពីប្រជាជន។ ដូច្នេះគ្មានហេតុផលណាមួយឲ្យកងទ័ពទៅធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ គឺមានតែការពារប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់ជនសមគំនិត និងចូលរួមក្នុងចលនាបដិវត្តន៍តាមការអំពាវនាវរបស់មេបដិវត្តន៍ដូចជាទណ្ឌិត សម រង្ស៉ី គឺមិនអាចលើកលែងនោះឡើយ។
ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយសកម្មភាពទាំងឡាយដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕