(ភ្នំពេញ)៖ លោក ច្រឹង សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ឲ្យដឹងថា ប្រសិនបើចង់ឲ្យវិស័យអចលនទ្រព្យនៅតែបន្ដភាពរឹងមាំ ដាចខាតត្រូវមានកត្តាសំខាន់២យ៉ាងរួមមាន៖ ទី១, ការទាក់ទាញវិនិយោគពីបរទេស និងទី២, ការគាំទ្រហិរញ្ញវត្ថុពីធនាគារ។ ប្រសិនបើអនុវត្តន៍កត្តា២យ៉ាងក្នុងដៃ បានខ្ជាប់ខ្ជួននោះវិស័យ អចលនទ្រព្យនឹងរក្សាភាពរឹងមាំ និងធ្លាក់ចុះនោះឡើយ។
លោក ច្រឹង សុខនីម ឲ្យដឹងថា កត្តាទាំង២យ៉ាងនេះនឹងធ្វើឲ្យវិស័យដីធ្លីនៅកម្ពុជា មិនត្រឹមតែរក្សាភាពរឹងមាំប៉ុណ្ណោះ ប៉ុន្ដែរក្សាតម្លៃបានយ៉ាងល្អផងដែរ។
លោកបន្ដថា «ប្រសិនបើមានការគាំទ្រ ពីធនាគារដូចបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅតែបន្ដភាពរឹងមាំដដែល។ ជាក់ស្ដែងសព្វថ្ងៃនេះយើងទទួលបានប្រាក់កម្ចី ពីធនាគាររហូតដល់២៥-៣០ឆ្នាំ ទោះបីជាយើងមិនមានលុយគ្រប់គ្រាន់ក្នុងដៃ ប៉ុន្ដែយើងនៅតែអាចកាន់កាប់វិស័យអចលនទ្រព្យ»។
លោកបន្ថែមថា បើសេដ្ឋកិច្ចនៅតែរីកចម្រើននោះ វិស័យអចលនទ្រព្យនៅតែមានភាពរឹងមាំ ហើយប្រជាជននៅតែបន្ដភាពជឿជាក់លើវិស័យនេះដដែល។
បន្ថែមពីនេះប្រធានសមាគមដដែលរូបនោះ បានបញ្ជាក់បង្ហាញពីភាពវិជ្ជមានមួយចំនួននៃ ការចូលមកវិនិយោគរបស់វិនិយោគិនបរទេស ជាក់ស្ដែងដូចជាជនជាតិចិនជាដើម ដែលឈរលេខមួយនៅក្នុងប្រទេសកម្ពុជា។
លោកឲ្យដឹងថា បន្ទាប់ពីជនជាតិអឺរ៉ុបគឺ មានជនជាតិចិនឈរលំដាប់លេខ១ ដែលចូលមកវិនិយោគនៅកម្ពុជាច្រើនជាងគេ បន្ទាប់ពីនេះគឺជនជាតិជប៉ុន៕