(ភ្នំពេញ)៖ ក្រៅពីការចេញមកជាបន្តបន្ទាប់ ដើម្បីថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី របស់មេដឹកនាំកំពូលៗកងទ័ពនៅក្នុងប្រទេសកម្ពុជានោះ សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងកម្លាំងកងរាជអាវុធហត្ថទូទាំងប្រទេស ក៏បានចេញមកប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងហើយៗម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា ជានាយទាហានជាន់ខ្ពស់មួយរូបរបស់កម្ពុជា និងបានចូលសមរភូមិរាប់ភ្លេច នាពេលសម័យសង្គ្រាម បានបញ្ជាក់ច្បាស់ៗថា កងរាជអាវុធហត្ថ ដែលជាផ្នែកមួ នៃកងយោធពលខេមរភូមិន្ទមានតួនាទីភារកិច្ចដូចខាងក្រោម៖
*ទី១៖ ការពារខឿនឯករាជ្យជាតិ និងបូរណភាពអធិបតេយ្យ
*ទី២៖ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
*ទី៣៖ ពង្រឹងការអនុវត្តន៍ច្បាប់ សុំថ្កោលទោសដាច់អហង្ការ ការអំពាវនាវរបស់ទណ្ឌិត សម រង្សី និងប្តេជ្ជាអនុវត្តន៍យ៉ាងហ្មឺងម៉ាត់ដីកាតុលាការក្នុងការចាប់ខ្លួនទណ្ឌិត ដើម្បីពង្រឹងការអនុវត្តន៍
ច្បាប់ និងកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនិតិរដ្ឋ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍កំពូលមេទ័ពរូបនេះ ក៏បានបញ្ជាក់ខ្លាំងៗទៀតថា «កម្លាំងអាវុធហត្ថទូទាំងប្រទេស សូមប្រកាសការពារដាច់ខាតរាជរដ្ឋាភិបាល ដែលបង្កើតឡើងតាមរយៈការបោះឆ្នោត ដឹកនាំដោយសម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥»។
ការប្រកាសរបស់មេទ័ពជាន់ខ្ពស់កម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី តាមរយៈ Facebook នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធ កុំឱ្យស្តាប់បញ្ជាពី នាយករដ្ឋមន្ត្រី នៅពេលដែលពួកគេប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល។
ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយ សកម្មភាពទាំងឡាយដែលប៉ុនប៉ង ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕