(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងកងទ័ពទូទាំងប្រទេស បានចេញមកប្រកាសខ្លាំងៗ ដោយត្រៀមកម្ទេចទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច បើហ៊ានកំរើកដឹកនាំសកម្មភាពធ្វើបដិវត្តន៍នៅកម្ពុជា ចង់ផ្តួលសម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសកម្ពុជា ក៏បានប្រកាសធ្ងន់ៗថា កងទ័ពក្រោមបទបញ្ជាទាំងអស់ បានត្រៀមខ្លួនរួចហើយ ក្នុងការចាត់វិធានការតាមច្បាប់ និងតាមដីការបស់តុលាការចំពោះទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយពិសេសនោះត្រៀមអនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដែលបានបញ្ជាឲ្យកងទ័ពចាត់វិធានការចំពោះជនប៉ងធ្វើបដិវត្តន៍បំផ្លាញកម្ពុជា ដោយមិនចាំបាច់ទទួលរង់ចាំទទួលបទបញ្ជា។
ការប្រកាសរបស់ នាយឧត្តមសេនីយ៍កងទ័ពកម្ពុជារូបនេះ គឺដើម្បីឆ្លើយតបទៅនឹងទណ្ឌិត សម រង្ស៉ី ជាអ្នកនយោបាយកំសាកញី ដែលកំពុងសម្ងំក្រាញននៀលនៅក្រៅប្រទេស ព្រោះខ្លាគុករបស់កម្ពុជានោះ ដោយបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំស្តាប់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។
ឆ្លើយតបការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រកាសថា កងទ័ពទាំងអស់ ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ចក្នុងការការពារសុខសន្តិភាព ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែមិនការពារឡើយក្រុមជនប៉ុនប៉ង បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ក៏បានសុំផងដែរកុំឲ្យកងទ័ពចាត់ការចំពោះប្រជាពលរដ្ឋ ដែលលោកអះអាងថា នឹងទៅទទួលរូបលោក ពេលត្រឡប់ចូលស្រុកនោះ។ ឆ្លើយតបចំណុចនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឆ្លើយតបវិញថា ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងហើយ គឺឲ្យកងទ័ពគោរពស្រឡាញ់ និងជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះកងទ័ងកើតចេញពីប្រជាជន។ ដូច្នេះគ្មានហេតុផលណាមួយ ឲ្យកងទ័ពទៅធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ គឺមានតែការពារប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់ជនសមគំនិត និងចូលរួមក្នុងចលនាបដិវត្តន៍ តាមការអំពាវនាវរបស់មេបដិវត្តន៍ដូចជាទណ្ឌិត សម រង្ស៉ី គឺមិនអាចលើកលែងនោះឡើយ។
ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយ សកម្មភាពទាំងឡាយដែលប៉ុនប៉ង ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕