(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការដ្ឋាន ព្រមទាំងកងទ័ពក្រោមឱវាទបានចេញមកអះអាងថាកងទ័ពទាំងអស់ស្វាមីភក្តិជានិច្ចជាមួយរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការគាំទ្ររបស់ប្រជាជនកម្ពុជា និងបានបញ្ជាក់ថាបានត្រៀមខ្លួនរួចហើយដើម្បីចាត់វិធានការច្បាប់ទៅទណ្ឌិតក្បត់ជាតិ សម រង្ស៉ី។
នាយឧត្តមសេនីយ៍ ណុប រតនា បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពទាំងអស់ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ព និងបានប្រឹងប្រែងដំឡើងប្រាក់បៀវត្សរ៍ជូនកងទ័ព ដូច្នេះកងទ័ពមានស្វាមីភក្តិចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលជានិច្ច។
មិនត្រឹមតែបង្ហាញពីការស្ម័គ្រស្មោះចំពោះរាជរដ្ឋាភិបាលនោះទេ លោក ណុប រតនា ថែមទាំងបានបង្ហាញការប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ជាពិសេសប្រកាសតបតជាមួយទណ្ឌិត សម រង្ស៉ី ដែលលោកចាត់ទុកជាជនក្បត់ជាតិញុះញង់កងទ័ពឲ្យប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងនឹងបទបញ្ជា។
នាយឧត្តមសេនីយ៍ ណុប រតនា បានបញ្ជាក់ថា «កងទ័ពកាំភ្លើងធំ សូមប្រាប់ទៅទណ្ឌិតរត់ចោលច្បាប់ និងបក្ខពួកថា កងទ័ពស្តាប់ និងគោរពជានិច្ចនូវបទបញ្ជារបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលរបស់កងទ័ព។ ពួកយើងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តន៍ច្បាប់ អនុវត្តន៍តាមដីការបស់តុលាការ ចំពោះជនប៉ុនប៉ងធ្វើបដិវត្តន៍បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដូចជាទណ្ឌិត សម រង្ស៉ី នេះ»។
«សូមលោកឯងកុំប្រឹងប្រែងញុះញង់កងទ័ព គ្មានកងទ័ពណាគេស្តាប់លោកឯងជាជនកំសាកក្បត់ជាតិនោះឡើយ។ កងទ័ពគេដឹងច្បាស់ថា លោកឯងជាពូជក្បត់ជាតិ បំផ្លាញជាតិគ្មាននរណាទៅស្តាប់តាមការអំពាវនាវឆ្កួតលេលារបស់លោកឯងនោះទេ។ ពួកយើងខ្ញុំជាកងទ័ព សូមអញ្ជើញទណ្ឌិត សម រង្ស៉ី ចូលស្រុកកុំបានតែស្រែក។ សូមអញ្ជើញចូលមកចុះពួកយើងខ្ញុំជាកងទ័ពរង់ចាំលោកត្រឡប់មកវិញគ្រប់ពេល រង់ចាំក្នុងការអនុវត្តន៍ច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះរូបលោក»។ នាយឧត្តមសេនីយ៍ ណុប រតនា បញ្ជាក់បន្ថែម។
ក្នុងសេចក្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ក៏បានសុំផងដែរកុំឲ្យកងទ័ពចាត់ការចំពោះប្រជាពលរដ្ឋ ដែលលោកអះអាងថានឹងទៅទទួលរូបលោកពេលត្រឡប់ចូលស្រុកនោះ។ ឆ្លើយតបចំណុចនេះ នាយឧត្តមសេនីយ៍ ណុប រតនា បានលើកឡើងថា ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងហើយ គឺឲ្យកងទ័ពគោរពស្រឡាញ់ និងជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះកងទ័ងកើតចេញពីប្រជាជន។ ដូច្នេះគ្មានហេតុផលណាមួយឲ្យកងទ័ពទៅធ្វើបាប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ គឺមានតែការពារប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់ជនសមគំនិត និងចូលរួមក្នុងចលនាបដិវត្តន៍តាមការអំពាវនាវរបស់មេបដិវត្តន៍ដូចជាទណ្ឌិត សម រង្ស៉ី គឺមិនអាចលើកលែងនោះឡើយ។
ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយសកម្មភាពទាំងឡាយដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕