(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ប្រឆាំងដាច់ខាត ធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសញុះញង់ ឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំង នឹងរាជរដ្ឋាភិបាល ស្របច្បាប់ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។
លោកឧត្តមសេនីយ៍ឯក ជីម សុខ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពទាំងអស់ក្រោមឱវាទរបស់លោក ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមនាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ សូមប្រកាសប្តេជ្ញាការពាររាជរដ្ឋាភិបាល ហើយសុំស្ថាប័នតុលាការ ចាត់វិធានការ ពួកក្បត់ជាតិទាំងនេះ ឱ្យខាងតែបាន ដោយមិនត្រូវអត់ឱនឱ្យឡើយ»។
ការប្រកាសរបស់មេទ័ពជាន់ខ្ពស់កម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី តាមរយៈ Facebook នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធ កុំឱ្យស្តាប់បញ្ជាពី នាយករដ្ឋមន្ត្រី នៅពេលដែលពួកគេ ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល។
ឧត្តមសេនីយ៍រូបនេះ បានគូសបញ្ជាក់ថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកជាជនក្បត់ជាតិ ហើយវាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិ ពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»។
កងទ័ពទាំងអស់ សូមប្តេជ្ញាការពារឱ្យខានតែបាន នូវបូរណភាពទឹកដី សុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា៕