(ស្ទឹងត្រែង)៖ គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ព្រមទាំងអភិបាលខណ្ឌទាំង១២ មន្ដ្រីជាច្រើនរូបទៀត។
លោកឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមលេខ១២៨ បានលើកឡើង ពីកិច្ចសហការល្អប្រសើរជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីជាមួយគ្នា ធ្វើឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅតំបន់អូរអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាអង្គភាពទើបបង្កើតថ្មី មានការប្រែមុខមាត់ថ្មីទាំងការកសាងមូលដ្ឋានទ័ព និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការលើកកំពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ព។
លោកឧត្តមសេនីយ៍ ក៏បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន ដែលអង្គភាព១២៨ឈរជើង មានលក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួមចំណែកធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ ប្រសើរក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
គិលានដ្ឋានដែលត្រូវសម្ពោធជាផ្លូវការនាពេលនេះ គឺជាសមិទ្ធិផល និងជាសក្ខីភាព នៃការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គភាពអន្តរាគមន៍លេខ១២៨ តាមរយៈរដ្ឋបាលរាជធានី សម្រាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នេះ និងកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទ័ពហើយកងទ័ពសម័យនេះ មិនខុសពីកងទ័ពសម័យមុនទេ គឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។
លោកបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែជាភ័ព្វសំណាងខ្ពស់ណាស់ ដែលយើងមានកងទ័ពដ៏ស្មោះត្រង់ មានស្មារតីឆន្ទៈស្នេហាជាតិ និងមានអគ្គមគ្គុទេសដឹកនាំដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាមួយគ្នានេះ ទោះបីសង្គមជាតិនាពេលបច្ចុប្បន្ន មានសុខសន្តិភាពពេញលេញ ជម្លោះដែនអធិបតេយ្យ មានសភាពស្ងប់ស្ងាត់ តំបន់ព្រំដែនមានការអភិវឌ្ឍ និងជីវភាពប្រជាពលរដ្ឋមានការលើកកំពស់ ប៉ុន្តែមិនអាចស្កប់ស្កល់នោះទេ យើងចាំបាច់ត្រូវតែបន្តរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍសង្គមដូចសព្វថ្ងៃនេះ ហើយពិតណាស់យើងមិនអាចខ្វះបានឡើយ នូវវត្តមានកងទ័ព ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់បំផុត ដូច្នេះបញ្ហាជីវភាពសុខទុក្ខកងទ័ព និងសុខភាពគ្រួសារកងទ័ព គឺជាកត្តាដែលត្រូវយកចិត្តទុកដាក់ជាអាទិ៍ភាព។
សូមជម្រាបថា នេះជាលើកទី២ហើយ ដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ ក្រោយពីបានចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយក៏ស្របគ្នានឹងដំណើរសួរសុក្ខទុក្ខវីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ខេត្តព្រះវិហារផងដែរ។
គិលានដ្ឋាននេះ ចាប់សាងសង់កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ មានបណ្តោយ៣០ម៉ែត្រ ទទឹង៧ម៉ែត្រ មានក្លោងទ្វារបង ដែលចំណាយថវិកាសាងសង់ ប្រមាណ៧ម៉ឺនដុល្លា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីផ្សាភ្ជាប់មនោសញ្ចេតនាជាមួយកងពលតូចអន្តរាគមន៍លេខ១២៨ លោក ឃួង ស្រេង និងលោកស្រី បានផ្តល់ជូនអំណោយរបស់សម្តេចតេជោ ហ៊ុន សែន រួមមានថវិកា, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្រាបៀរ, ប្រេងម៉ាស៊ូត, ប្រេងសាំង, អង្ករ, ស័ង្កសី, ដែកគោលចម្រុះ រួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕