(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងកិច្ចស្វាគមន៍ចំពោះវត្តមាន របស់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនា ពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។
លោក វេង សាខុន បានលើកឡើងថា ពិតណាស់សមិទ្ធផលនេះ បានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានភាពប្រសើរឡើង ពិសេសការរួមផលិតស្បៀង បម្រើឲ្យវិស័យទេសចរណ៍ ក្នុងខេត្តទឹកដីអង្គរដ៏បវររុងរឿង និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា»។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការអនុវត្តការងារកន្លងមក នៅមានភាពខ្វះខាត ឆកល្វែង និងយឺតយ៉ាវ លើការងារមួយចំនួន ដែលទាមទារឲ្យយើងទាំងអស់គ្នា រួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយចាំបាច់ត្រូវរៀនសូត្រ ពីគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ទាំងអាក្រក់ និងល្អពីអតីតកាល រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្ត និងទទួលបានផលវិជ្ជមានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ លោករដ្ឋមន្រ្តី វេង សាខុន បានដាក់ចេញនូវចំណុចគន្លឹះមួយចំនួន ជាមូលដ្ឋានសម្រាប់មន្ទីរ យកទៅអនុវត្តបន្ត រួមមាន៖
ទី១៖ ត្រូវបន្តលើកម្ពស់ការងារបង្កើនផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម តាមរយៈការបង្វែរទិសដៅ ពីការអភិវឌ្ឍន៍តាមបែប «វិបុលវប្បកម្ម» ទៅកាន់ការអភិវឌ្ឍន៍តាមបែប «ប្រពលវប្បកម្ម» ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល ឆ្លើយតបទៅនឹងតម្រូវការ។
ទី២៖ បន្តជំរុញការងារផ្ទេរបច្ចេកទេសទំនើបសមស្រប ទៅតាមកំណើនសេដ្ឋកិច្ច ប្រជាជន និងការវិវឌ្ឍន៍របស់ប្រទេសលើគ្រប់មុខជំនាញពាក់ព័ន្ធ និងផលិតកម្មដំណាំ ពិសេសដំណាំស្រូវ បន្លែ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការប្រើពូជ ជី ថ្នាំ និងលើកកម្ពស់គុណភាពដីសមស្រប តាមប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។ ពិនិត្យលើសកម្មភាពការងារអភិវឌ្ឍកសិដ្ឋាន ស្ថានីយពិសោធន៍កសិកម្ម និងមជ្ឈមណ្ឌលពិសោធន៍កសិកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបណ្តុះ បណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរបច្ចេកទេសទំនើប ទាន់សម័យឲ្យដល់ដៃអ្នកផលិត។
ទី៣៖ ត្រូវជំរុញ និងលើកទឹកចិត្ត ឲ្យអនុវត្តប្រព័ន្ធ «ផលិតកម្មកសិកម្មតាមកិច្ចសន្យា» ដើម្បីលើកកម្ពស់គុណភាពកសិផលប្រកបដោយភាពប្រកួតប្រជែង ធានាសុខុមាលភាពសាធារណៈ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត និងបង្កើនការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ និងទាន់ពេលវេលា។
ទី៤៖ ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវការនាំចូលសត្វ និងសាច់សត្វ ខូចគុណភាព បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ផងដែរ។
ទី៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ ដូចមានចែងក្នុងជំពូកទី៥ ពីមាត្រាទី ៣៣-៣៨ ក្នុងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ។
ទី៦៖ តាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីសង្គមស៊ីវិល ឬចេញពីផ្ទៃប្រភពផ្សេងៗ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីតាមដានស្ថានការណ៍ ឬសភាពការណ៍ ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយគួរមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពរ របស់សហគមន៍ សង្គមស៊ីវិលនិងដៃគូ ទាំងអស់ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្រ្តីរាជការ និងផ្តល់វត្ថុអនុស្សាវរីយ ជូនដល់និវត្តន៍ជនចំនួន១២៣នាក់ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេស ដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការ របស់មន្រ្តីរាជការ ដែលបានខិតខំលះបង់គ្រប់បែបយ៉ាង ដែលបានបម្រើការងារជូនជាតិ មាតុភូមិនិងប្រជាជន៕