(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ដោយប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិឲ្យកងទ័ពងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
តាមសេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ហើយប្រកាសថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី គឺជាអំពើខុសច្បាប់ ដែលកងទ័ពត្រូវបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ក្រសួងការពារជាតិ ក៏ដូចជាបណ្តាអង្គភាពកងទ័ពក្រោមចំណុះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានចេញមកញុះញង់ជាថ្មីដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា កុំឱ្យស្តាប់បង្គាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ទណ្ឌិតដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានអំពាវនាវឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលផងដែរ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ គោរព និងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន។កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តនូវដីការបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនដែលតុលាការតាមចាប់ខ្លួន»។
សេចក្តីថ្លែងការណ៍បានប្រកាសទៀតថា៖ «កងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី។ យើងចាត់ទុកថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ»៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖