(ភ្នំពេញ)៖ ក្រុមហ៊ុន Havas Champagne ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កាលពីថ្មីៗនេះ ដណ្តើមបានពានរង្វាន់ PMMA Dragons ចំនួនបីផ្សេងគ្នា ដែលពានរង្វាន់ទាំងបីនោះ រួមមាន៖ Silver (ប្រាក់) Gold (មាស) និង rare Blue (ខៀវ)។
PMAA «Dragons of Asia» ដែលហៅថាពានរង្វាន់ PMAA Awards គឺជាស្ថាប័នមួយ ដែលត្រូវបានទទួលការគោរពកោតសរសើរយ៉ាងខ្លាំង ហើយស្ថាប័ននេះទទួលស្គាល់នូវការងារដ៏ល្អបំផុត ដែលបានធ្វើឡើងដោយអ្នកជំនាញផ្នែកទីផ្សារ គ្រប់ផ្នែកទំនាក់ទំនង និងទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុន Havas Champagne ឈ្នះបានពានរង្វាន់នេះ ដោយសារតែក្រុមហ៊ុននេះ បានចូលរួមរៀបចំនូវយុទ្ធនាការសំខាន់ៗចំនួនពីរ រួមមាន៖ យុទ្ធនាការ «ការរួមភេទប្រកបដោយសុវត្ថិភាព» «Safe Sex» របស់ UNFPA / UNAIDS និងយុទ្ធនាការ «ទប់ស្កាត់កុំឲ្យមានការរំខានពេលបើកបរ» «Prevent Distracted Driving» របស់មូលនិធិបង្ការរបួសអាស៊ី AIP។
លោក គឹម បញ្ញា នាយកប្រចាំប្រទេស របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានថ្លែងថា «យើងពិតជាមានកិត្តិយស និងសប្បាយរីករាយ ឥតឧបមាដោយសារ Dragons of Asia សម្រេចផ្តល់ពានរង្វាន់ ជូនដល់ពួកយើងផ្អែកលើវីដេអូ លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវីដេអូនោះមានឈ្មោះថា ឃាតករនៅលើដងផ្លូវ The Road Killer។
លោកបន្ដថា ការឈ្នះពានរង្វាន់ Silver Dragon Award (ប្រាក់) សម្រាប់ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងសាធារណៈដ៏ល្អបំផុត និងពានរង្វាន់ Black Dragon Award សម្រាប់យុទ្ធនាការទីផ្សាររួមគ្នា ដ៏ល្អឥតខ្ចោះគឺជាសមិទ្ធផលដ៏អស្ចារ្យ និងមិនអាចកាត់ថ្លៃបាន សម្រាប់ក្រុមហ៊ុន Havas Champagne និង AIP Foundation។
លោកថា «យើងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងបានផ្តល់ដំបូន្មានល្អៗជាច្រើន ក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការទាំងនេះ។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន Havas Champagne ផងដែរ ចំពោះការងារច្នៃប្រឌិតដ៏អស្ចារ្យ និងល្អឥតខ្ចោះរបស់ពួកគេឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យដ៏ត្រចះត្រចង់របស់យើងនាពេលនេះ»៕