(ភ្នំពេញ)៖ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្តល់សេវាកាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយ ក្នុងការទូទាត់សាច់ប្រាក់ដែលរីកចម្រើនរហ័ស និងឈានមុខគេមួយនៅកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ លើការផ្តល់សេវាទូទាត់ការសងប្រាក់កម្ចី ពីអតិថិជនជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ បានបង្ហាញពីជំនឿចិត្តដ៏មុតមាំ ដែលធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ មានមកលើក្រុមហ៊ុនតារាផេ ក្នុងការធ្វើជាបណ្តាញប្រតិបត្តិការហិរញ្ញវត្ថុបន្ថែម សម្រាប់អតិថិជនទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារ។
តាមរយៈភាពជាដៃគូនេះ អតិថិជនទាំងអស់ នឹងអាចទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារជាប្រាក់រៀល ឬប្រាក់ដុល្លារដោយងាយស្រួល និងសុវត្ថិភាពតាមរយៈភ្នាក់ងារតារាផេ ជាង២៧០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ទៅកាន់សាខារបស់ធនាគារប្រៃសណីយ៍កម្ពុជា ឬគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងថា «តាមរយៈភាពជាដៃគូសហការគ្នានេះ អតិថិជនរបស់យើង អាចទូទាត់សងប្រាក់កម្ចីត្រលប់ទៅកាន់ធនាគារប្រៃសណីយ៍កម្ពុជា បានយ៉ាងងាយស្រល តាមរយៈភ្នាក់ងារតារាផេ ដែលមាននៅទូទាំងប្រទេសកម្ពុជា»។
លោកបន្ដថា បន្ថែមពីលើនេះដែរ សេវាកម្មថ្មីនេះ នឹងជួយដល់អតិថិជនដែលត្រូវការទូទាត់សងប្រាក់កម្ចី ក្នុងកំឡុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចទូទាត់សងប្រាក់កម្ចី តាមរយៈតារាថេ App ផងដែរ ដែលផ្តល់ឲ្យអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត។
ជម្រើសម៉្យាងទៀត អតិថិជនអាចវេរលុយពីគណនីសន្សំ ឬជាចរន្តក្នុងធនាគារប្រៃសណីយ៍កម្ពុជា ទៅកាបូបលុយអេឡិចត្រូនិកតារាផេ តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ឬវេរលុយពីកាបូបលុយអេឡិចត្រូនិកចល័តតារាផេទៅគណនីសន្សំ ឬគណនីចរន្តក្នុងធនាគារប្រៃសណីយ៍កម្ពុជាតាមរយៈតារាផេ App ដោយឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក យូ ប៊ុន ទ្រី ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ បានថ្លែងថា «ក្នុងនាមជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ឈមមុខគេមួយ នៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការរីកលូតលាស់នៃអាជីវកម្ម របស់ប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត និងទីក្រុងនានា»៕