(សៀមរាប)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំរៀបសិក្ខាសាលាបុគ្គលិកគ្រប់គ្រងលើកទី១៥របស់ខ្លួន ដែលមានរយៈពេល២ថ្ងៃ ក្នុងគោលបំណងបូកសរុបលទ្ធផលអាជីវកម្មឆ្នាំ២០១៨ និងពង្រឹងគុណភាព ឆ្នាំ២០១៩ ក្រោមប្រធានបទ «Leaders+»។

សិក្ខាសាលាបុគ្គលិកគ្រប់គ្រងលើកទី១៥នេះ ត្រូវបានរៀបចំរយៈពេល២ថ្ងៃជាប់គ្នា នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ខេត្តសៀមរាប នាសណ្ឋាគារសុខាអង្គរ ដែលមានការចូលរួមពីលោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រួមនឹងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបប្រមាណ៤៨០នាក់។

លោក ដុស ឌីន អគ្គនាយកអម្រឹត បានឲ្យដឹងថា «អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជាដែលផ្ដល់សេវាហិរញ្ញវត្ថុដល់ សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ដល់ប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោតជាចម្បងទៅលើវិស័យកសិកម្ម នៅតាមជនបទ ទីរួមស្រុក និងទីរួមខេត្តជាដើម។ អម្រឹត ផ្ដល់ជូននូវសេវា អេ ធី អឹម (ATM) និងប្រាក់កម្ចីច្រើនប្រភេទមានដូចជា៖ សេវាឥណទានក្រុមធានា, ឥណទានបុគ្គល, ឥណទានគេហដ្ឋាន, ឥណទានគ្រួសាររីករាយ ឥណទានសម្រេចប្រាថ្នា និងឥណទានសហគ្រាសខ្នាតតូចនិងមធ្យម»

លោកបន្ថែមថា អម្រឹត ក៏មានផ្តល់ជូននូវសេវាប្រាក់បញ្ញើ សេវាបង់ថ្លៃទឹកភ្លើង និងមានផ្តល់សេវាផ្ទេរប្រាក់ឆ្លងសាខា និងផ្ទេរប្រាក់ពីក្រៅប្រទេសផងដែរ លើសពីនេះទៀតលោកអ្នកអាចបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬតាមរយៈ Wing App (ដោយមិនគិតថ្លៃសេវាចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ សម្រាប់តែបង់ប្រាក់កម្ចីតាម Wing Money App តែប៉ុណ្ណោះ)»។

សូមជម្រាបថា បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៤,០០០ នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង ៤៥០,០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៦ សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើ សរុបប្រមាណជាង៤៥៤លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ៧៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង៩៦៩ លានដុល្លារសហរដ្ឋអាមេរិក។

ឆ្លៀតក្នុងឱកាសនោះ អគ្គនាយកអម្រឹតរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អ្នកផ្គត់ផ្គង់អតិថិជន ដៃគូអភិវឌ្ឍន៍នានា អាជ្ញាធរដែនដី រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រ ដល់ការរីកចម្រើនរបស់ស្ថាប័នរហូតមកដល់សព្វថ្ងៃនេះ៕