(ភ្នំពេញ)៖ អង្គការសាលាលែនស្គែប អាខាដឺមី បានរៀបចំពិធី «កម្មវិធីរាត្រីសមោសរលើកដំបូង» ដើម្បីផ្តល់ឱកាសដល់សិស្សអនុវិទ្យាល័យ ចំនួន៨០នាក់ នៅសាលារៀនអង្គតាភោគ បានបន្តការសិក្សារហូតដល់កម្រិតមធ្យមសិក្សា លើកកម្ពស់ការផ្តួចផ្តើមគំនិតរបស់អង្គការ ក្នុងការ ផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីៗដល់សិស្សានុសិស្សដូចជា ជំនាញវិជ្ជាជីវៈផ្នែករចនាទេសភាពសួន និងបង្កើតទំនាក់ទំនងសហគមន៍ និងភាពជាម្ចាស់ដល់ឪពុកម្តាយរបស់កុមារ អ្នកភូមិ និងសហគមន៍អាជីវកម្មទាំងនៅក្នុងប្រទេសកម្ពុជា សិង្ហបុរី និងប្រទេសដទៃទៀត។ រាល់ថវិកា ដែលប្រមូលបាននឹងយកទៅប្រើប្រាស់សាងសង់ និងជួសជុលអគារសិក្សា ក្រោមគម្រោងរបស់អង្គការសាលាលែនស្គែប អាខាដឺមី។ «កម្មវិធីរាត្រីសមោសរលើកដំបូង»នេះ បានរៀបចំឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bellevue Serviced Apartment ដោយមានការចួលរួមពី លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លោកសូមសម្តែងការសប្បាយចិត្ត និងមានមោទនភាព ដែល អង្គការសាលាលែនស្គែប អាខាដឺមី បានរៀបចំពិធី «កម្មវិធីរាត្រីសមោសរលើកដំបូង»នាពេលនេះ ក្នុងគោលបំណងជួយដល់កុមារខ្វះខាតនៅកម្ពុជា។
លោកបានបន្តថា សកម្មភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងច្រើនជួយដល់កម្ពុជា ជាពិសេសកុមារក្រីក្រ ដើម្បីផ្តល់ឲ្យពួកគាត់ កាន់តែមានលទ្ធភាពល្អប្រសើរជាងមុន និងអាចមានការរីកចម្រើនបន្ថែមទៀតនាថ្ងៃអនាគត។
ថ្នាក់ដឹកនាំ អង្គការសាលាលែនស្គែប អាខាដឺមី បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្តនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អង្គតាភោគ ដែលស្ថិតនៅភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលសាលានេះនឹងត្រូវពង្រីកទៅជា វិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចកទេស ទេសភាពសួនអង្គតាភោគ។ ជាមួយគ្នានោះ សាលាក៏បើកទូលាយផងដែរ ដល់បុគ្គលខាងក្រៅ នូវការបណ្ដុះបណ្ដាលវគ្គខ្លីៗ ដើម្បីជាប្រយោជន៍ ដល់វិស័យកសិកម្មនិង ទេសភាពសួននៅកម្ពុជា ហើយនៅពេលបញ្ចប់វគ្គខ្លីៗសិក្ខាកាម ក៏នឹងទទួលបានផងដែរនូវវិញ្ញាបនបត្រទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអាចចូលទៅក្នុងទីផ្សារការងារនៃវិស័យកសិកម្ម និងទេសភាពសួនបាន។ ថ្នាក់បច្ចេកទេសជំនាញទេសភាពសួន នឹងធ្វើការជ្រើសរើសសិស្សប្រមាណ៤០នាក់ក្នុងមួយឆ្នាំ ដែលសិស្សានុសិស្សត្រូវទាមទារឱ្យមានយ៉ាងហោចណាស់ សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និងមានអាយុយ៉ាងតិច១៦ឆ្នាំ។
សូមបញ្ជាក់ផងដែរថា អង្គការសាលាលែនស្គែប អាខាដឺមី បានចាប់ផ្ដើមនៅប្រទេសសឹង្ហបុរី តាំងពីឆ្នាំ១៩៧០ ដោយផ្ដោតសំខាន់ លើការ បណ្ដុះបណ្ដាលជំនាញរចនាសួន នៅតាមអគារ និងទីសាធារណៈ។ អង្គការសាលាលែនស្គែប អាខាដឺមីបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ នៅប្រទេស សឹង្ហបុរី និងប្រទេសថៃលើស្នាដៃរចនាទេសភាពសួន និងការបណ្ដុះបណ្ដាលជំនាញនេះ នៅកម្រិត អាស៊ាន៕