(ភ្នំពេញ)៖ ស្របពេលបច្ចេកវិទ្យានៅលើពីភពលោក កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមហ៊ុន Star Micronics ដែលជាអ្នកផលិតឈានមុខគេលើផលិតផល POS ចល័ត (mobile, point of sale) និងបច្ចេកវិទ្យាទំនាក់ទំនងអតិថិជន (customer engagement technologies) បានចាប់ដៃគូជាមួយក្រុមហ៊ុន T.O GROUP ដែលជាអ្នកផ្តល់ដំណោះស្រាយព័ត៌មានវិទ្យា ធ្វើជាអ្នកចែកចាយផលិតផល និងដំណោះស្រាយស្របច្បាប់របស់ក្រុមហ៊ុន Star Micronics ប្រចាំប្រទេសកម្ពុជា ក្នុងការបង្កើតជំហានថ្មីមួយក្នុងការផ្ដល់ព័ត៌មានវិទ្យា ដល់អតិថិជនឱ្យកាន់តែប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
ពិធីចុះអនុស្សារណយោគយល់គ្នានេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចែកចាយផលិតផល ដើម្បីជាប្រយោជន៍ទៅដល់អតិថិជន ដែលជាប្រើប្រាស់ចុងក្រោយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងយុទ្ធសាស្រ្តបង្កើតជំហានថ្មីមួយទៀត នៃការជំរុញការចែកចាយផលិតផល Star Micronics ឱ្យបានទូលំទូលាយទូទាំងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះដែរលោក Daisuke Suzuki នាយកគ្រប់គ្រងក្រុមហ៊ុន Star Micronics ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា «ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Star Micronics គឺជាក្រុមហ៊ុនផលិត POS Hardware ដ៏ធំនៅលើពិភពលោក ហើយក្រុមហ៊ុន Star Micronics បានគាំទ្រអ្នកលក់រាយអស់រយៈពេលជាង៣០ឆ្នាំមកហើយ ដើម្បីផ្តល់ជូននូវដំណោះស្រាយ ដ៏មានប្រសិទ្ធភាព និងប្រកបដោយជំនឿចិត្តខ្ពស់បំផុត។ ថ្ងៃនេះក្រុមហ៊ុន ដែលស្ថិតនៅជួរមុខគេនៃការច្នៃប្រឌិត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងផ្នែកគុណភាព ព្រមទាំងទំនុកចិត្តនៃផលិតផល POS, mPOS, Tablet POS printers និង Accessories ដ៏ធំជាងគេបំផុតក៏មានវត្តមាននៅលើទីផ្សារកម្ពុជាផងដែរ»។
លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន ធី.អូ គ្រុប បានបញ្ជាក់ថា «អតិថិជនរបស់យើងមានអាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា៖ វិស័យហិរញ្ញវត្ថុ និងធនាគារ, វិស័យដឹកជញ្ជូន និងបញ្ជូនបន្ត, វិស័យកាត់ដេរ និងផលិតកម្ម, វិស័យទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រួមទាំងហាងលក់រាយជាដើម»។
ដោយមើលឃើញពីការវិវត្តន៍ឥតឈប់ឈរ នៃអាជីវកម្មអតិថិជននោះ ការចាប់ដៃគូជាមួយក្រុមហ៊ុន Star Micronics គឺជាការធានាមួយ ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជូនអតិថិជន ដែលត្រូវការការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា និងផ្តល់ឱ្យពួកគេនូវផលិតផល និងដំណោះស្រាយ Mobile POS ដ៏គួរឱ្យទុកចិត្តបំផុត។
Star Micronics គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ POS ធំជាងគេបង្អស់នៅលើពិភពលោក បានកំណត់យកផលប័ត្រនៃការបោះពុម្ព ការគ្រប់គ្រងសុវត្ថិភាពសាច់ប្រាក់ និងដំណោះស្រាយនៃការចូលរួមរបស់អតិថិជន សម្រាប់ការបង្កើតហាងលក់រាយ ឬបដិសណ្ឋារកិច្ចនៅក្នុងបរិបទនៃ POS និង mPOS ។
ការទទួលយករលកនៃបច្ចេកវិទ្យាចល័ត Star ផ្តល់ជូន SDK ដែលអនុញ្ញាតឲ្យអ្នកប្រើប្រើប្រាស់គ្រប់ផលិតផលរបស់ខ្លួន អាចធ្វើការតភ្ជាប់ ជាមួយឧបករណ៍ Android ™, iOS iPad® និងiPhone® ដើម្បីបោះពុម្ពបង្កាន់ដៃ និងវិកយបត្រផ្សេងៗយ៉ាងងាយស្រួល។ ការដឹកនាំ និងការច្នៃប្រឌិតជានិច្ចរបស់ក្រុមហ៊ុន Star Micronics បានបើកទូលាយលើដំណោះស្រាយ web-based printing រួមទាំង remote cloud printing, wireless cash drawer, proximity-based printing និង secure cash management។
សូមបញ្ជាក់ថា ក្រុមហ៊ុន ធី.អូ គ្រុប ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងផ្តោតលើផ្នែកធំៗចំនួនបី គឺ ការចែកចាយ (T.O Distribution), ដំណោះស្រាយ (T.O Solutions) និងសូហ្វែ (T.O Business Software)។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៤មក ក្រុមហ៊ុន ធី.អូ គ្រុប បានផ្សារភ្ជាប់ជាមួយអ្នកផ្គត់ផ្គង និងជាមួយអតិថិជន ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងនាំយកនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលដៅបំពេញបេសកកម្មមួយគឺ «យើងធ្វើឱ្យព័ត៌មានវិទ្យា ធ្វើការគាំទ្រអាជីវកម្មរបស់អ្នក» ដែលជាជំនួយដ៏សំខាន់ដល់ប្រតិបត្តិការ អាជីវកម្មផងដែរ។
ក្រុមហ៊ុន ធី អូ គ្រុប ក៏បានប្តេជ្ញាចិត្តក្នុងការនាំមកជូននូវផលិតផល ដែលប្រកបដោយគុណភាព និងសេវាកម្មជាទីទុកចិត្ត ក្នុងការផ្តល់ជូននេះ គឺជាការកសាងទំនាក់ទំនងដ៏យូរអង្វែង និងផ្តល់តម្លៃចំពោះអតិថិជន ក៏ដូចជាដៃគូ និងអ្នកផ្គត់ផ្គង់របស់ខ្លូនផងដែរ៕