(ព្រះវិហារ)៖ ថ្នាក់ដឹកនាំខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន បានចុះសួរសុខទុក្ខកងទ័ពឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ និងកងវរសេនាតូចលេខ ៣៩២ ចំណុះកងពលធំលេខ៩ នៅថ្ងៃសុក្រទី២៥ ខែមករា ឆ្នាំ២០១៩នេះ។
ថ្នាក់ដឹកនាំខណ្ឌទាំង៣ ដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោក ចេវ មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន រួមទាំងក្រុមការងារជាច្រើនរូបទៀត ទោះបីមានភារកិច្ចមមាញឹក នៅសមរភូមិក្រោយយ៉ាងណាក្តី ក៏គណៈប្រតិភូខណ្ឌសម្ព័ន្ធភាពយើង មិនបានភ្លេចសមរភូមិមុខនោះឡើយ។
ក្នុងនោះថ្នាក់ដឹកនាំទាំងអស់ ក៏បានឧបត្ថម្ភជូននាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៣៥៤នាក់។ ក្នុងនោះ មេបញ្ជាការវរសេនាតូចម្នាក់ ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល, មេបញ្ជាការរងវរសេនាតូច ចំនួន០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០ម៉ឺនរៀល, មេ "គ" ចំនួន ០៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០ម៉ឺនរៀល, មេ "ខ" ចំនួន ២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ។ និងពលទាហាន ចំនួន៣២៣នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល។
ជាមួយគ្នានោះ ចំពោះសម្ភារ និងថវិកាតម្កល់ទុកវរសេនាតូចលេខ៣៩២ រដ្ឋបាលខណ្ឌទាំងបី បានប្រគល់ជូនលោកវរសេនីយ៍ឯក ណន ធិន មេបញ្ជាការកងវរៈសេនាតូចលេខ៣៩២ ក្នុងអំឡុងពេល២ខែមុននេះ សរុបជាថវិកាចំនួន ១៤លាន បួនសែនរៀល ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន បានអរគុណចំពោះទឹកចិត្តរបស់បងប្អូនកងទ័ពឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ និងអរគុណចំពោះទឹកចិត្តលះបង់ និងអង់អាចក្លាយហ៊ាន ជួយការពារជាតិមាតុភូមិតរៀងមក។
បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំង៣ខណ្ឌ ក៏បានអំពាវនាវឲ្យបងបង្អូនកងទ័ពឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ សូមថែរក្សាសុខភាពឲ្យបានល្អ ដោយសារតែប៉ុន្មនាថ្ងៃនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា មានការប្រែប្រួល ចុះត្រជាក់ ជាពិសេសនៅតាមតំបន់ព្រំដែន និងនៅខេត្តព្រះវិហារនេះជាដើម៕