(កំពង់ចាម)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញប្រគល់ផ្ទះ ចំនួន៣ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រលំបាក៣គ្រួសារ (ជនពិការ២គ្រួសារ និងជនមរណ១គ្រួសារ) ក្នុងឃុំសំពងជ័យ និងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងថា នេះជាសក្ខីភាពបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានគិតគូរ ដោះស្រាយជួយសម្រាលទុក្ខលំបាករបស់អតីតយុទ្ធជន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់មរណសង្រ្គោះ ហើយថ្មីៗនេះបានផ្តល់ជូននូវប័ណ្ណសមាជិកបេឡារបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស សម្រាប់ពិនិត្យព្យាបាលជំងឺ ដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋថែមទៀត។
ក្រៅពីនេះសមាគមអតីតយុទ្ធជនកម្ពុជា កំពុងមមាញឹកក្នុងការតម្រង់ទិសឆ្ពោះទៅរកការសង់ជម្រកស្នាក់នៅឲ្យសមាជិកសមាគមក្រីក្រ ដែលមានដីតែមានផ្ទះទ្រុឌទ្រោម មិនសមរម្យ និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ខ្វះលទ្ធភាពពិតប្រាកដ ដើម្បីបានអាស្រ័យផល ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់លោកមេឃុំ ជាប្រធានកិត្តិយស និងមេប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមឃុំទាំងអស់ បន្តខិតខំធ្វើអំពើល្អ ជំរុញការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនក្នុងឃុំឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកឧត្តមសេនីយទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង់ផ្ទះជូនសមាជិកសមាគមក្រីក្រ ខ្វះលទ្ធភាពសរុបចំនួន៣៨ខ្នង។ អតីតយុទ្ធជនក្រលំបាកទាំង៣គ្រួសារ ដែលទទួលបានផ្ទះថ្មី នាពេលនេះ រួមមាន ឈ្មោះគួន គីម ជនពិការ រស់នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ, ឈ្មោះថៃ ធុល ជនពិការ រស់នៅភូមិសង្កែពង ឃុំស្រម៉រ និងឈ្មោះ គឹម សេងហ៊ន់ គ្រួសារជនមរណរស់នៅភូមិត្រពាំងត្មាត ឃុំស្រម៉រ។
ទន្ទឹមនឹងនេះ បងប្អូនទាំង៣គ្រួសារ បានសម្តែងទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានគិតគូរពីសុខទុក្ខ និងជួយដោះស្រាយការលំបាករបស់ពួកគាត់ និងសូមគោរពជូនពរសម្តេចទាំងទ្វេ មានសុខភាពមាំមួន និងសម្រេចបានជោគជ័យក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់ជូនអតីតយុទ្ធជនទាំង៣គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច ទឹកផ្លែឈើ ១កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ត្រីខ១យួរ, អំបិលអ៊ីយ៉ូដ២កញ្ចប់ និងថវិកា៥០ម៉ឺនរៀល។ ជាមួយនោះ បានឧបត្ថម្ភ១លានរៀល សម្រាប់ជួសជុលផ្លូវក្នុងឃុំ, ជូនសាលាឃុំសំពងជ័យ៥០ម៉ឺនរៀល និងអ្នកចូលរួម៤៩នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន២០,០០០រៀល៕