(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះជួយស្រុកកណ្កាលស្ទឹង និងលោក ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត២,០០០គ្រួសារ នៅឃុំបឹងខ្សាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ថ្លែងក្នុងនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានក្រើនរំលឹកនូវការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងមានសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានប្រាប់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ ហើយត្រូវបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបន្តការរីកចម្រើនឈានទៅមុខបន្ថែមទៀត
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្ដល់ជាអំណោយដល់ប្រជាពលរដ្ឋដែលចូលរួម១,៩៦៩គ្រួសារ សារុងមួយ និងថវិកា២០,០០០រៀល ព្រមទាំងជួយអាគារ១ខ្នង ពីរជាន់ មាន១២បន្ទប់ផងដែរ ជូនសាលាបឋមសិក្សា បឹងខ្យាង៕