(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅបុរសន្ដិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណជិត៣០គ្រួសារ ដែលជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃនោះ នៅពេលនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ចប់នូវបញ្ហាទាំងអស់។
ដំណោះស្រាយនេះ បានធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានដឹកនាំក្រុមការងារចុះជួយស្ដារ និងហៅរថយន្ដបូមលូ មកបូមកាក់សំណល់ និងទឹកកខ្វក់ចេញជាបណ្ដោះអាសន្ន មុនឈានដល់ការពិនិត្យ និងស្ដារប្រព័ន្ធលូនេះទាំងស្រុង ដើម្បីបញ្ចប់បញ្ហាក្រែងកើតមានឡើយនៅពេលក្រោយ។
ក្រោយទទួលបានដំណោះស្រាយនេះ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ បានថ្លែងអំណរគុណដល់លោកចៅសង្កាត់ចោមចៅ២ ក៏ដូចជាលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចាត់ក្រុមការងារចុះដោះស្រាយភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅពេលជួបបញ្ហាផ្សេងៗ ក្នុងមូលដ្ឋានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោក វ៉ា សារ៉ង ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា នៅថ្ងៃក្រោយពេលមានបញ្ហាអ្វីកើតឡើង សូមផ្ដល់ព័ត៌មានជូនលោកភ្លាមៗ ដើម្បីលោកមានដំណោះស្រាយ ជៀសវាងមានការថ្នាំងថ្នាក់ណាមួយកើតឡើង ពីសំណាក់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន៕