(ស្វាយរៀង)៖ សកម្មភាពចោរលួចរថយន្ត ក្នុងមួយយប់ លួចបាន២គ្រឿង យកទៅបាត់ដោយសុវត្ថិភាព រីឯម្ចាស់បានត្រឹមប្តឹងសមត្ថកិច្ចប៉ុណ្ណោះ។ ករណីបាត់រថយន្តនោះ ទី១៖ កើតឡើងវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅភូមិ ស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបាត់រថយន្តឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យស្វាយរៀង មានទីលំនៅកន្លែងកើតហេតុខាងលើ ខណៈជនរងគ្រោះមានជំងឺទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយទុកឪពុក និងម្តាយចាស់ជរាចាំផ្ទះ។
ជនរងគ្រោះទុករថយន្តនៅខាងមុខផ្ទះ ដូចរាល់ដង គឺបានចាក់សោ តែនៅយប់កើតហេតុ ភ្លេចមិនដឹងថា បានចាក់សោ ឬអត់ទេទើបចោលួចទៅបានងាយស្រួលបែបនេះ។ រហូតដល់ព្រឹកឡើងម៉ោង០៥៖០០នាទី ថ្ងៃទី២៦ ឪពុកគាត់ក្រោកឡើងពីតំណេក ទើបដឹងថាបាត់ឡានកូន ក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។
រថយន្តដែលបាត់នោះ ម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-8050 ស៊េរី២០០២។ ចំណែកឯនៅក្រុងបាវិត បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក៏មានចោរលួចរថយន្ត១គ្រឿង ទៀត ម៉ាកហាយឡែនដឺពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-0106 ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បាត់នៅវេលាម៉ោងប្រមាណ២ទៀបភ្លឺដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញាក្រុមចោរលួចរថយន្តទាំងអស់នោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕