(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង បានជំរុញឲ្យមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តពង្រឹងអំពីភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសក្រុមការងារបក្ស ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណូមនានារបស់ពលរដ្ឋផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៧ លើកទី១ និងប្រចាំឆមាសទី១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តនៅដំណាក់កាលទី៧ លើកទី២ នៅសាលប្រជុំខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ។
លោកស្រី ក៏បានកោតសរសើរដល់អស់លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្ម គ្រប់សកម្មភាព រួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងរួមចំណែកចុះជួយខេត្តស្វាយរៀង ទទួលបានជោគជ័យ រាល់ភារកិច្ចជា បន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាភាពកក់ក្តៅ ជូនពលរដ្ឋជាកត្តាសំខាន់។
លោកស្រី បានថ្លែងបញ្ជាក់ថា ដើម្បីឲ្យការងាររលូនទៅមុខ នៅអាណត្តិទី៦នេះ ក្រុមការងារត្រូវជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ធ្វើនូវអំពើល្អ សិក្សាពីឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល ត្រូវតាមដានស្តាប់ប្រសាសន៍សុន្ទរកថា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន លើគ្រប់វិស័យ ក្នុងនោះវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកស្រីបានបន្ថែមទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវីទ្យាព័ត៌មាន IT ជាពិសេស ត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គមដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនង កំពុងពេញនិយម និងឆាប់រហ័ស។
លោកស្រី បានបន្ថែមទៀតនូវខ្លឹមសារល្អៗ និងត្រូវជួយចែករំលែកសកម្មភាពរបស់សម្តេចតេជោ តាម Facebook ឲ្យបានច្រើនបំផុតដូចដែលអាចធ្វើបាន ដើម្បីឲ្យប្រជាពលរដ្ឋទទួលនូវព័ត៌មានពិតៗ នៃការប្រឹងប្រែងមិនខ្លាចនឿយហត់ របស់រាជរដ្ឋាភិបាលក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា៕