(កំពង់ចាម)៖ ក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានជំរុញឲ្យអង្គភាពមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រមូលកុមារឲ្យបានចូលរៀន ប្រកបដោយសមធម៌។ សន្និបាតនេះ បានរៀបចំធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ទោះបីជាកុមារស្ថិតនៅទីណារស់នៅ ក្នុងស្ថានភាពបែបណាក៏ដោយ ពិសេសតំបន់ដែលជួបការលំបាក និងតំបន់ដាច់ស្រយាល ត្រូវអនុវត្តតាមទិសស្លោក សាលារៀន គឺត្រូវស្វែងរកកុមារ។ ត្រូវខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រ ឲ្យប្រកបដោយផាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀន ឲ្យទៅជាសាលាកុមារមេត្រី ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើពិតប្រាកដ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌ល្អ ចេះរស់នៅដោយសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។
លោកអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ជាមួយការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់ សារាចរ និងសេចក្តីណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទងនិងវិធានការបង្ការ ទប់ស្កាត់ និងសកម្មភាពក្រុមទំនើង ការអនុវត្តបទបញ្ញត្តិ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ការលុបបំបាត់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរបំផុតការគោរពបទបញ្ជា ផ្ទៃក្នុងសាលារៀន ឲ្យបានទូលំទូលាយ និងបានយល់ជ្រួតជ្រាបដល់សិស្សទាំងអស់ ដើម្បីឲ្យពួកគេមានទុនជាគ្រឹះ ក្នុងការកសាង និងអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ទៅថ្ងៃអនាគត៕