(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងកងយោធពលខេមរភូមិន្ទទាំងមូលប្រឆាំងដាច់ខាត ធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសញុះញង់ ឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពទាំងអស់ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសប្តេជ្ញាការពាររាជរដ្ឋាភិបាល ហើយសុំស្ថាប័នតុលាការ ចាត់វិធានការ ពួកក្បត់ជាតិទាំងនេះ ឱ្យខាងតែបាន ដោយមិនត្រូវអត់ឱនឱ្យឡើយ»។
ការប្រកាសរបស់មេទ័ពជាន់ខ្ពស់កម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី តាមរយៈ Facebook នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធ កុំឱ្យស្តាប់បញ្ជាពី នាយករដ្ឋមន្ត្រី នៅពេលដែលពួកគេ ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា៖ «បើទោះជា សម រង្ស៊ី ស្រែកទាល់តែស្លាប់ខ្លួន ឬគាស់ខ្មោច សម សារី ជាឪពុក ដែលជាជនក្បត់ជាតិដូចគ្នាមកទៀត ក៏កងទ័ពទាំងមូល មិនបែរកាណុងមករករាជរដ្ឋាភិបាលស្របច្បាប់ដែរ ព្រោះគ្មានកងទ័ពណាម្នាក់ងាករេ ទៅតាមសម្តីក្បត់ជាតិរបស់ សម រង្សី ឡើយ ផ្ទុយទៅវិញកងទ័ពទាំងមូល មានតែបែរចុងកាណុងទៅកម្ទេច ជនក្បត់ជាតិ សម រង្ស៊ី ទៅវិញទេ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកជាជនក្បត់ជាតិ ហើយវាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិ ពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»។
ក្នុងនាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងកងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពារឱ្យខានតែបាន នូវបូរណភាពទឹកដី សុខសន្តិភាព ជូនប្រទេសជាតិ និង ប្រជាពលរដ្ឋ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕