(ភ្នំពេញ)៖ កងទ័ពកងពលតូចអន្តរាគមន៍លេខ១ បានប្រកាសត្រៀមខ្លួនរួចហើយ ក្នុងការចាត់វិធានការតាមច្បាប់ និងតាមដីការបស់តុលាការចំពោះជនទាំងឡាយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ជាពិសេសអនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដែលបានបញ្ជាឲ្យកងទ័ពចាត់វិធានការចំពោះ ជនប៉ងធ្វើបដិវត្តន៍បំផ្លាញកម្ពុជា ដោយមិនចាំបាច់រង់ចាំទទួលបទបញ្ជា។

ការប្រកាសរបស់កងទ័ព នៃកងពលតូចអន្តរាគមន៍លេខ១ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី អ្នកនយោបាយកំសាកញី ដែលកំពុងសម្ងំក្រាញននៀលនៅក្រៅប្រទេស ព្រោះខ្លាចគុករបស់កម្ពុជានោះ បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

ឆ្លើយតបការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ចក្នុងការការពារសុខសន្តិភាព ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែមិនការពារឡើយ ក្រុមជនប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

«ខ្ញុំសូមប្រាប់ទៅទណ្ឌិតរត់ចោលច្បាប់ថា កងទ័ពស្តាប់ និងគោរពជានិច្ចនូវបទបញ្ជារបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដែលជាមេបញ្ជាការកំពូលរបស់កងទ័ព។ ពួកយើងត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តន៍ច្បាប់ អនុវត្តន៍តាមដីការបស់តុលាការ ចំពោះជនប៉ុនប៉ងធ្វើបដិវត្តន៍បំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដូចជាទណ្ឌិត សម រង្ស៉ី នេះ»។ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បញ្ជាក់។

លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បន្តថា «ពួកយើងខ្ញុំជាកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ១ សូមអញ្ជើញទណ្ឌិត សម រង្ស៉ី ចូលស្រុកកុំបានតែស្រែក។ សូមអញ្ជើញចូល មកចុះពួកយើងខ្ញុំ ជាកងទ័ពរង់ចាំលោកត្រឡប់មកវិញគ្រប់ពេល រង់ចាំក្នុងការអនុវត្តន៍ច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះរូបលោក»។

ក្នុងសេចក្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ក៏បានសុំផងដែរ កុំឲ្យកងទ័ពចាត់ការចំពោះប្រជាពលរដ្ឋ ដែលលោកអះអាងថា នឹងទៅទទួលរូបលោកពេលត្រឡប់ចូលស្រុកនោះ។ ឆ្លើយតបចំណុចនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ព្រហ្ម ផេង បានបញ្ជាក់ត្រឡប់ទៅវិញទៀតថា ដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងហើយ គឺឲ្យកងទ័ពគោរពស្រឡាញ់ និងជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះកងទ័ងកើតចេញពីប្រជាជន។ ដូច្នេះគ្មានហេតុផលណាមួយឲ្យកងទ័ពទៅធ្វើបាប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ គឺមានតែការពារប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់ជនសមគំនិត និងចូលរួមក្នុងចលនាបដិវត្តន៍តាមការអំពាវនាវរបស់មេបដិវត្តន៍ដូចជាទណ្ឌិត សម រង្ស៉ី គឺមិនអាចលើកលែងនោះឡើយ។

ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយសកម្មភាព ទាំងឡាយដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕