(កំពង់ចាម)៖ ឧកញ៉ា​ លី វាសនា​ ពាណិជ្ជករ​ខ្មែរឥស្លាម​ និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា​ និងលោកស្រី ដាតុ​ (ឧកញ៉ា​) ម៉ាន​ ម៉ារីយ៉ាន​ កសាងវិហារឥស្លាមដ៏ធំជាងគេ នៅទឹកដីខេត្តកំពង់ចាម​ គ្រោងនឹងចំណាយថវិកាប្រមាណជា​ ១.២លានដុល្លារ។

នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៩ មានពិធីបើកការដ្ឋានសាងសង់វិហារឥស្លាមមួយ នៅភូមិព្រៃខ្ជាយ​ ឃុំបារាយណ៍ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ដោយមានការចូលរួមពីអភិបាលរងខេត្ត​ នគរបាល​ កងរាជអាវុធហត្ថ​​ ប្រធាន​-អនុប្រធានមន្ទីរជុំវិញខេត្ត​ អភិបាល​- អភិបាលរងស្រុក​ ​ប្រធានការិយាល័យធម្មការស្រុក​ ​អ៊ីមុំាម៉ាស្ជឹតស្រុក មេភូមិ មេឃុំ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់​ យុវជន ស.ស.យ.ក​ គណៈអ៊ីមុំាម៉ាស្ជឹត និងប្រជាពលរដ្ឋភូមិព្រៃខ្ជាយ​យ៉ាងច្រើនកុះករ​។

លោកឧកញ៉ា​ លី វាសនា​ ដែលជាម្ចាស់ជំនួយបានរៀបរាប់អំពីប្រវត្តិមួយចំនួន ដែលនាំឲ្យលោកឧកញ៉ា សម្រេចចូលមកជួយកសាងម៉ាស្ជឹតដ៏ធំមួយនេះ ជូនអ្នកភូមិព្រៃខ្ជាយ និងបានកោតសរសើរដល់គណៈអ៊ីមុំាម៉ាស្ជឹត ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទាំងអស់ឲ្យចេះថែរក្សា និងដឹងគុណដល់សម្តេចតេជោ​ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលតែយកចិត្តទុក្ខដាក់គ្រប់បែបយ៉ាង ដល់បងប្អូនខ្មែរឥស្លាម។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម​​ ក៏បានសម្តែងនូវសេចក្តីអបអរសាទរ​ ចំពោះពិធីបើកការដ្ឋានសាងសង់វិហារដ៏ធំស្កឹមស្កៃនេះផង​ដែរ ដោយលោកបានថ្លែងថា​ វិហារឥស្លាមមួយនេះ នឹងក្លាយទៅជាវិហារដ៏ស្រស់ស្អាត​ និងធំជាងគេនៅទឹកដីខេត្តកំពង់ចាម​ នៅពេលបញ្ចប់ការសាងសង់រួចរាល់ នៅពេលខាងមុខនេះ ដែលគ្រោងនឹងចំណាយថវិកាប្រមាណជា​១.២លានដុល្លារ។

លោក ក៏បានអរគុណដល់លោកឧកញ៉ា​ និងលោកស្រីដាតុ​ (ឧកញ៉ា​)​ ដែលបានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋស្រុកព្រៃឈរនេះ ​​ដោយម៉ាស្ជឹតធំថ្មីនេះ ចាប់ផ្តើមសម្រចអនុវត្តការងារ សាងសាង់ចំថ្ងៃទី៧ មករា​ ឆ្នាំ២០១៩ ត្រូវនឹងខួបលើកទី៤០ នៃទិវាជ័យជំនះ៧មករា​​ ​​ដែលជាថ្ងៃខួបរំលឹកនៃការរំដោះប្រទេសជាតិ ពីរបបសាហាវ​យង់ខ្នង ប្រល័យពូជសាសន៍​ ប៉ុល ពត៕