(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ជនរងគ្រោះ ស្ថិតនៅចំណុចផ្ទះលេខ ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ នៅធ្វើឡើងនៅថ្ងៃទី២៣ ខែមករា នៅចំណុចផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ។

លោក ប៊ុន សត្យា បានបន្តថា ជនសង្ស័យទាំងពីរនាក់នេះ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំនួន០២ករណី ហើយក្នុងដកហូតបានម៉ូតូចំនួន០២គ្រឿង និងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន០១គ្រឿង បញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរផងដែរ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បន្ថែមថា ជនសង្ស័យទី១៖ ឈ្មោះ សេង សុខលាង អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ផ្លូវបេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២៖ ឈ្មោះ ផាន់ សារុន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

វត្ថុតាងដកបានរួមមាន៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ-8278 (មធ្យោបាយជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ផាន់ សារុន), ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ផ្កាឈូក ចំនួន០១គ្រឿង (របស់ជនរងគ្រោះចាប់យកពីឈ្មោះ ផាន់ សារុន) ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីឡេត ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HI-1398 ចាប់យកពីឈ្មោះ សេង សុខលាង។

ជនរងគ្រោះឈ្មោះ សុខ ឡេង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ២១៤ ភូមិ២ ក្រុមទី៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ សម្ភារបាត់បង់កាបូបស្ពាយ ពណ៌ ទឹកប៊ិច ចំនួន០១ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល៥,០០០ដុល្លារ, ខ្សែកផ្លាកទិនទម្ងន់ មួយជី មានបន្តោងគុជចំនួន០១, ទូរសព្ទ័ដៃម៉ាក OPPO F៥ ចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក, លិខិតឆ្លងដែនមួយក្បាល និងសៀវភៅធនាគារចំនួន០៣ក្បាល។

ករណីទី២ ឆក់កាបូបស្ពាយជនរងគ្រោះ នៅចំណុចមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ ជនរងគ្រោះមានឈ្មោះ ស្រ៊ាន ទីណែត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារបាត់បង់កាបូបស្ពាយចំនួន១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១, បណ្ណបើកបររថយន្តចំនួន០១, ទូរស័ព្ទដៃម៉ាកសាំសុងមួយគ្រឿង និងប្រាក់ដុល្លារ ចំនួន៨០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕