(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅចុងឆ្នាំ២០១៨ ប្រភពផលិតអគ្គិសនី ក្នុងស្រុកមានអានុភាព ២,២០៧.៧៦ មេហ្គាវ៉ាត់ ដោយនៅអាណត្តិទី៥ (២០១៤-២០១៨) ការអភិវឌ្ឍប្រភពអគ្គិសនី បានបន្ថែមអានុភាព ១០៩៩.២មេហ្គាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់ Facebook ផ្លូវការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។
លោកបញ្ជាក់ថា ទន្ទឹមនឹងនេះក៏បានបញ្ឈប់ដំណើរការប្រភពអគ្គិសនីប្រើប្រេងខ្មៅ៥២.៧មេហ្គាវ៉ាត់ និងលុបបំបាត់ការផលិតអគ្គិសនីប្រើម៉ាស៊ីនម៉ាស៊ូត របស់អ្នកកាន់អាជ្ញាបណ្ណអស់ ៣៦.២៣មេហ្គាវ៉ាត។
លោកបន្តថា ដោយចំណែកប្រភពនាំចូលពីប្រទេសជិតខាងបានកាត់បន្ថយមកនៅត្រឹម ១៤.៥៥% នៅឆ្នាំ២០១៨ ដែលបានថយចុះជាបន្តបន្ទាប់ពី ៤០.០៦% នៅឆ្នាំ២០១៤ ។ នៅចុងឆ្នាំ២០១៨ បរិមាណថាមពលអគ្គិសនីដែលបានផ្តល់សរុបមាន ៩,៣០៧.៤៤លានគីឡូវ៉ាត់ម៉ោង គឺកើនឡើង ១.៩១ដងក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។
គិតត្រឹមចុងឆ្នាំ២០១៨ អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្តល់ដែនអាជ្ញាបណ្ណឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ១៤,០៧២ភូមិ ស្មើ ៩៩.៣២% នៃចំនួនភូមិសរុប ១៤,១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបានទៅដល់ភូមិចំនួន ១២,៣០៥ ស្មើ ៨៦.៨៥% ។ ទន្ទឹមនឹងនេះ នៅចុងឆ្នាំ២០១៨ វឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់គ្រប់ប្រភេទមានចំនួន ២,៦៤៥,៦៣០កន្លែង ដែលក្នុងនោះ លំនៅដ្ឋានមានចំនួន ២,៥៣៧,២៨២ខ្នងផ្ទះ អាជីវកម្មនិងឧស្សាហកម្មមានចំនួន ១០២,៣៧៦ កន្លែង និងស្ថាប័នរដ្ឋមានចំនួន ៥,៩៧២កន្លែង ។
អាជ្ញាធរអគ្គិសនីបានលើកឡើងនូវបញ្ហាប្រឈម ដើម្បីពិភាក្សាដោះស្រាយសម្រាប់ជាទិសដៅ អនុវត្តបន្តមានដូចខាងក្រោម៖
១៖ ជំរុញការផ្តល់សេវាអគ្គិសនី មានគុណភាព ស្ថេរភាព សុវត្ថិភាព និងភាពអាចទុកចិត្តបាន ។
២៖ ចូលរួមជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីអនុវត្តការសន្យាបន្ថយថ្លៃអគ្គិសនីរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៩ និង២០២០ និងដើម្បីរៀបចំផែនការ និងទិសដៅបន្ថយថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំបន្តបន្ទាប់ ។
៣៖ បន្តសកម្មភាពនានា ដើម្បីផ្តល់ភាពយុត្តិធ៌មក្នុងការវាស់វែង និងការកត់ត្រាថាមពលអគ្គិសនីរបស់អ្នកប្រើប្រាស់អគ្គិសនី ។
៤៖ បន្តដោះស្រាយឲ្យបានល្អប្រសើរ នូវបញ្ហាការស្នើសុំឲ្យមានអគ្គិសនីប្រើប្រាស់នៅតំបន់មិនទាន់មានអគ្គិសនីទៅដល់ និងការស្នើសុំឲ្យមានការផ្គត់ផ្គង់ពីប្រភពបណ្តាញជាតិ ។
៥៖ បន្តត្រួតពិនិត្យ និងចាត់វិធានការណ៍បញ្ហាយកថ្លៃលើសការកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃភ្ជាប់ចរន្ត ប្រាក់កក់ បង្ខំឲ្យអ្នកប្រើប្រាស់ទិញខ្សែដែលមានថ្លៃខ្ពស់ ការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី ។
៦៖ បន្តដោះស្រាយបញ្ហាអ្នករស់នៅក្នុងដីឡូត៍ដែលគេពុះលក់ជាឡូត៍ បញ្ហាអ្នករស់នៅក្នុងបុរី និងខុនដូ បញ្ហាបន្ទប់ជួល និងបញ្ហាតូបលក់ក្នុងផ្សារ ទាំងតំបន់របស់អគ្គិសនីកម្ពុជា និងឯកជន ។
៧៖ បន្តជំរុញអ្នកកាន់អាជ្ញាបណ្ណឲ្យពង្រីកបណ្តាញចែកចាយទៅកាន់ភូមិដែលនៅសល់ ។
៨៖ ចំពោះតំបន់ ៩៦ភូមិ ឬស្មើ ០.៦៨% ដែលមិនទាន់មានអ្នកទទួលចែកចាយ ដោយតំបន់ទាំងនេះឋិតក្នុងដែនអាជ្ញាបណ្ណឯកជន និងមានលក្ខខណ្ឌពិបាកក្នុងការពង្រីកការផ្គត់ផ្គង់ទៅដល់ អាជ្ញាធរអគ្គិសនីកម្ពុជានឹងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសិក្សាលម្អិតរកដោះស្រាយសមរម្យ៕