(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានចុះបង្ក្រាបករណីជួញដូរ ជាក់ស្ដែងនូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ «១៩ មុនីកា» ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់ និងដកហូតបានសម្ភារមួយចំនួន។
ហេតុការណ៍នេះ បានបង្កឱ្យមានការផ្ញាក់ផ្អើលឡើង នៅម៉ោងជាង៨យប់ ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះសំណាក់១៩ ផ្លូវលេខ៤៦០ ក្រុម៤សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ។
ប្រិបត្តិការនេះ ដោយមានការបញ្ជាផ្ទាល់ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមផ្ទាល់ពីលោក ទេព សុវាត្តិ ជាក្រឡាបញ្ជី បានបញ្ជាឱ្យមន្ត្រីអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្ដែងនូវករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះសំណាក់១៩ (មុនីកា) បានធ្វើការបង្ក្រាប និងចាប់យកវត្ថុតាងមួយចំនួនរួមមានទី១៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ថង់, ទី២៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២, ទី៣៖ ដេកកេះជ័រចំនួន៣ និងទី៤៖ ទូរសព្ទដៃចំនួនមួយគ្រឿងពីឈ្មោះ លីវ មាយ៉ា ភេទស្រីអាយុ១៩ឆ្នាំ។
សមត្ថកិច្ចដែលបានចុះនៅក្នុងប្រតិបត្តិខាងលើបានបន្តទៀតថា ដោយបានការសម្រេចពីលោកព្រះរាជអាជ្ញារង ហេង ផេង ឱ្យធ្វើការឆែកឆេរបន្ទប់ផ្សេងៗទៀត នៃផ្ទះសំណាក់១៩ ដោយរកឃើញសម្ភារមួយចំនួនរួមមាន៖
* បន្ទប់លេខ១១ ដកហូតសម្ភាររួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ, ដេកកេះជ័រចំនួន២ ឃាត់ខ្លួនមនុស្សចំនួនពីរនាក់ (តាំង ឈុងប៊ួយ ភេទស្រី អាយុ៣០ឆ្នាំ និងទី២៖ អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ)។
* បន្ទប់លេខ១២ដកហូតសម្ភាររួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ, ដេកកេះជ័រចំនួន៣, ទូរសព្ទចំនួនពីរគ្រឿង និងមនុស្សចំនួន១នាក់ឈ្មោះ លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ។
* បន្ទប់លេខ២១ ដកហូតសម្ភាររួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ ដេកកេះជ័រចំនួន២។
* បន្ទប់លេខ២២ ដកហូតសម្ភាររួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ, អាវុធខ្លីមួយដើមម៉ាក K59 បង់មួយ មានគ្រាប់ចំនួន៨ លេខ៨៧៧៨ និងមនុស្សចំនួនបួននាក់មានឈ្មោះដូចខាងក្រោម៖ ទី១៖ ឈ្មោះ សួនកុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ួរ សីហា ភេទប្រុស អាយុ២៩។
ក្រោយពីការឆែកឆេររួចដោយបានការសម្រេចពីលោក ហេង ផេង ឱ្យនាំខ្លួនជនសង្ស័យចំនួន៩នាក់ ទៅការិយាល័យប្រឆាំងគ្រឿងញៀនរួមមាន៖
ទី៖ ១ ឈ្មោះ លីវមាយ៉ា ភេទស្រី អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ តាំង ឈុងប៊ួយ ភេទស្រី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ, ទី៥៖ ឈ្មោះ សួន កុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ, ទី៦៖ ឈ្មោះ សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ, ទី៧៖ ឈ្មោះ ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ, ទី៨៖ ឈ្មោះ ហ៊ួរ សីហា ភេទប្រុស អាយុ២៩ឆ្នាំ និងទី៩៖ ឈ្មោះ អៀង សុខឡា ភេទប្រុស អាយុ៣១ឆ្នាំ។
បន្ទាប់ពីបង្ក្រាបបានភ្លាមៗកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទាំង៩នាក់ យកទៅសួរនាំ ព្រមទាំងបិទទ្វារទីតាំងផ្ទះសំណាក់១៩ «មុនីកា» ខាងលើនេះ ជាបណ្ដោះអាសន្ននឹងប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការគ្រប់គ្រងផងដែរ៕