(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទកាសែតមួយបង្ហាញអំពីលទ្ធផលប្រកបដោយជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទនេះ លោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្រេចបានពេញលេញ និងជោគជ័យ តាមរយៈការបង្កើនទំនុកចិត្តនយោបាយកាន់តែស៊ីជម្រៅ ព្រមទាំងលើសកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ សន្តិសុខ ក៏ដូចជាផ្លាស់ប្តូរខាងវប្បធម៌ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបង្ហាញដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ៖
* ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ ភាគីទាំងពីរបានបង្កើនទំនុកចិត្តនយោបាយកាន់តែស៊ីជម្រៅ ក៏ដូចជាលើសកម្ពស់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ សន្តិសុខ ក៏ដូចជាផ្លាស់ប្តូរខាងវប្បធម៌ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ យើងមានអារម្មណ៍ថា ជាទស្សនកិច្ចបានសម្រេចដោយពេញលេញ និងជោគជ័យ។
* ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោបានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, លោក លី ចាវស៊ូ ប្រធានសភាប្រជាជនចិន, លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនផងដែរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ថា កម្ពុជា-ចិនគឺជាមិត្តដែកថែប និងយល់ព្រមថា នឹងផ្តល់ការផ្លាស់ប្តូរក្នុងកម្រិតខ្ពស់ ដោយយល់ព្រមថា មានការសម្របសម្រួលឱ្យកាន់តែល្អ ដើម្បីតភ្ជាប់យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
* នៅក្នុងខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក លឺ ខឺឈាង នាយករដ្ឋមន្ត្រីចិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ភាគីទាំងពីរក៏បានយល់ព្រមថា នឹងកសាងសហគមន៍ជោគវាសនាតែមួយ ដែលមានយុទ្ធសាស្ត្ររវាងចិន និងកម្ពុជា។ អ្វីដែលសំខាន់បំផុតគឺភាគីទាំងពីរក៏បានយល់ព្រមគ្នាថា នៅក្នុងយុគសម័យថ្មី ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរៀបចំគម្រោងមួយ សម្រាប់សហគមន៍តែមួយជោគវាសនាតែមួយរវាងចិន និងកម្ពុជា និងអត្ថន័យយុទ្ធសាស្ត្រ ទាំងនេះដែលមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនទាន់ផ្តល់តម្លៃលើចំណុចនេះ។
* អគ្គរដ្ឋទូតចិន បានចាប់អារម្មណ៍ចំពោះផែនការសកម្មភាព នឹងផ្តល់ផែនការមេសម្រាប់ការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងចង្អុលទិសដៅសម្រាប់ទំនាក់ទំនងទ្វេរភាគី។ លោកក៏ជឿជាក់ថា ផែនការសកម្មភាពនេះ នឹងផ្តល់ផែនការមេច្បាស់លាស់មួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា នៅក្នុង៦០ឆ្នាំក្រោយ និងពេលអនាគត។
* ភាគីទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ភាគីទាំងពីរនឹងតភ្ជាប់យុទ្ធសាស្ត្ររវាងគ្នាទៅវិញទៅមក ជាពិសេសគឺតភ្ជាប់យុទ្ធសាស្ត្រការផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត នៅក្នុងវិស័យគមនាគមន៍ ថាមពល ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
* នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរចុះហត្ថលេខាលើឯកសារចំនួន៨ ហើយបានរៀបចំវេទិកាពាណិជ្ជកម្ម និងធុរកិច្ចរវាងចិន និងកម្ពុជា ក្នុងនោះប្រហែលជាមានវិនិយោគិនជាង៨រយ បានចូលរួមក្នុងកម្មវិធីនេះ។ លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា វិនិយោគិនចិន និងកម្ពុជា ពិតជាចាប់អារម្មណ៍ ចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានកំណត់ថា នៅក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងឡើងទៅដល់ ១០ពាន់លានដុល្លារអាមេរិក យើងដឹងថាភាគីទាំងពីរក៏បានសម្រេចជាងមុខក្នុងទំហំពាណិជ្ជកម្ម។
* ភាគីចិនយល់ព្រមបង្កើន ចំនួនកូតានៃការនាំចូលអង្ករកម្ពុជាចំនួន៣០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៨ រហូតដល់ ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩។ លោកដឹងថាភាគីកម្ពុជា ជួបការលំបាកមួយចំនួនក្នុងការនាំចេញអង្ករ ដូច្នេះភាគីចិនក៏ជួយសម្រួលដល់ប្រទេសកម្ពុជាសម្រាប់ការនាំចេញអង្ករនេះ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានយល់ព្រមប្រើប្រាស់តួនាទីរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងអាស៊ាន ឱ្យកាន់តែមានប្រសិទ្ធភាពយ៉ាងពេញលេញ ដើម្បីជួយទៅដល់ពាណិជ្ជកម្មទ្វេរភាគី រវាងចិន និងកម្ពុជា។ ភាគីទាំងពីរក៏បានយល់ព្រមថា នឹងធ្វើសិក្សាស្រាវជ្រាវបន្ថែមទៀត នៅក្នុងការចាប់ផ្តើមនៃការចរចា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា ដោយនឹងសិក្សានៅពេលណាមួយដែលអាចធ្វើទៅបាន។ ចំណុចនេះមិនគ្រាន់តែបញ្ជាក់ថា ប្រទេសចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជា ហើយក៏បានបញ្ចេញសញ្ញាដ៏វិជ្ជមានមួយដែល ប្រទេសចិន និងកម្ពុជា គឺសុទ្ធតែគាំទ្រដល់ពាណិជ្ជកម្មសេរី។
* ភាគីទាំងពីរ នឹងដោះស្រាយចំណុចមួយចំនួនពាក់ព័ន្ធនឹងគម្រោងកសាងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក៏ដូចជាផ្លូវល្បឿនលឿនពីក្រុងភ្នំពេញដល់ខេត្តព្រះសីហនុ ក៏ដូចជាព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាបជាដើម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី។ ភាគីទាំងពីរបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងបង្កើនការកសាងគម្រោងជាច្រើន នៅក្នុងវិស័យអគ្គិសនី ដើម្បីប្រើប្រាស់ថាមពលស្អាតកាន់តែច្រើន និងប្រកាន់កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បណ្តុះពូជស្រូវ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែច្រើនអំពីបច្ចេទេសការកែច្នៃកសិផល ដើម្បីចាប់ផ្តើមកសាងនូវគម្រោងផ្គត់ផ្គង់ទឹក ក្នុងជនបទលើកទី២ កសាងផ្លូវថ្នល់នៅក្នុងជនបទ ក៏ដូចជាការកែលម្អវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់សុភមង្គលជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ដោយប្រទេសកម្ពុជាគឺជាប្រទេសមួយសម្បូរកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់ ភាគីទាំងពីរបានយល់ព្រមបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិផលនេះជាចំណុចដ៏សំខាន់ ដើម្បីជួយដល់ប្រទេសកម្ពុជា យ៉ាងពេញទំហឹង។
* ប្រទេសកម្ពុជា ពិតជាសម្បូរអង្ករល្អមានគុណភាពខ្ពស់ ដូច្នេះបើសិនភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត នៅក្នុងវិស័យកសិកម្ម យើងនឹងកសាងរោងចក្រមួយចំនួនដើម្បីកែច្នៃអង្កររបស់កម្ពុជា ឱ្យក្លាយទៅជាផលិតផលមួយមានគុណភាពខ្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត។
* ភាគីទាំងពីរបានយល់ព្រមពង្រឹងពង្រីក សហប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ភាគីទាំងពីរ បានចាត់ទុកថា ឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ និងទេសចរណ៍រវាងចិន និងកម្ពុជា នេះជាចំណុចដ៏សំខាន់មួយនៅក្នុងចំណោមទំនាក់ទំនងចិន និងកម្ពុជា នៅក្នុងឆ្នាំ២០១៩ និងជំរុញយ៉ាងពេញទំហឹងលើការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍ក្រោយ ហើយនឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំពិធីបើកពិព័រណ៍មួយ ដើម្បីចាប់ផ្តើមវប្បធម៌ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងវិស័យទាំងនេះកាន់តែល្អបន្ថែមទៀត។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ដើម្បីសហការគ្នារៀបចំផែនការសកម្មភាពសម្រាប់វប្បធម៌ និងទេសចរណ៍រវាងចិន និងកម្ពុជា ហើយអ្វីដែលគួរឱ្យគត់សម្គាល់គឺយើងរៀបចំឆ្នាំវប្បធម៌ និងទេសចរណ៍ ជាមួយកម្ពុជា មិនគ្រាន់តែលើកទឹកចិត្តដល់ទេសចរមួយចំនួនប៉ុណ្ណោះទេ គឺភាគីយើងទាំងពីរនឹងរៀបចំសកម្មភាពជាច្រើន នៅក្នុងវិស័យវប្បធម៌ វិចិត្រសិល្បៈ ការអប់រំ កីឡា សាសនា ទេសចរណ៍ សម្រាប់ឆ្នាំនេះ។
* លោកអគ្គរដ្ឋទូតបានរំលឹកថា នៅពេលដែលលោកបានជិះយន្តហោះពិសេស លោកបានជួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយភាគីទាំងពីរក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតរមួតរវាងប្រទេសយើងទាំងពីរ។ ទោះបីជាប្រទេសចិនមិនសូវមានអ្នកពូកែលេងបាលទាត់ ប៉ុន្តែយើងអាចអញ្ជើញប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរ ហើយនឹងមានការប្រាស្រ័យទាក់ទងគ្នា ឬឧទាហរណ៍ថា និងមានរៀបចំកម្មវីធីមួយ ដែលបានអញ្ជើញចុងភៅមកពីប្រទេសចិន ដើម្បីរៀបចំនៅពិធីបុណ្យម្ហូបឆ្ងាញ់ នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេល១សប្តាហ៍ ឫ២សប្តាហ៍ និងអញ្ជើញភ្ញៀវមកពីគ្រប់ស្រទាប់វណ្ណះ ដើម្បីមកជួបជុំគ្នា ពិសារអាហារ ដ៏ឈ្អុយឆ្ងាញ់របស់ប្រទេសចិន។
* វិស័យទេសចរណ៍ក៏ជាវិស័យមួយដ៏សំខាន់ តាមស្ថិតិថ្មីឆ្នាំ២០១៨ ទេសចរចិនមកកាន់ប្រទេសកម្ពុជា មានចំនួនឡើងដល់១លាន៩សែននាក់ ហើយវាគឺជាស្ថិតិដ៏ខ្ពស់មួយដែលប្រទេសទាំងពីរ ក៏មានការរីករាយក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។ លោកក៏បានលឺដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងទាក់ទាញភ្ញៀវទេសចរឱ្យបាន៥លាននាក់នៅពេលអនាគត ហើយលោកគិតថា ពិតអាចសម្រេចបានបើសិនភាគីទាំង២ មានកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត។
* ភាគីទាំង២ នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងចាត់ទុកថា ឆ្នាំ២០១៩ ជាឆ្នាំដែលជាកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ប្រទេសទាំង២។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំង២ មានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ។ វិនិយោគិនចិន និងទេសចរចិនមានកាន់តែច្រើន ដែលបានមក នូវផលប្រយោជន៍ជាក់ស្តែង ទៅដល់កិច្ចកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជា ហើយជាមួយគ្នានោះក៏មានជនល្មើសច្បាប់មួយចំនួន បានធ្វើសកម្មភាពប៉ះពាល់ទៅដល់ទំនាក់ទំនង គឺបានធ្វើឱ្យខុសច្បាប់ រវាងប្រទេសទាំង២ ហើយបានធ្វើឱ្យខូចខាតកេរ្តិ៍ឈ្មោះរបស់ប្រជាជនចិន។
* ដើម្បីផ្តល់នូវបរិយាកាសល្អ និងមានសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសទាំង២កាន់តែច្រើនថែមទៀត គឺភាគីទាំង២ ជាពិសេសស្ថាប័នអនុវត្តច្បាប់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែច្រើនថែមទៀត ដើម្បីចាត់បង្ក្រាបទៅលើជនល្មើសមួយចំនួន ហើយយើងចាត់ទុកថា ឆ្នាំ២០១៩នេះ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីវាយប្រហារយ៉ាងខ្លាំងបន្ថែមទៀតទៅលើជនល្មើស។ យើងនឹងសហការធ្វើយុទ្ធនាការបង្រ្កាបទៅលើសកម្មភាពមួយចំនួន ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណែត ការចាប់ជំរិត បារីក្លែងក្លាយ ការឆបោកតាមប្រព័ន្ធអ៉ីនធើណិត និងបទល្មើសជាច្រើនវិស័យទៀតដែលបង្កឡើងដោយជនជាតិចិន។
លោកសូមរំលឹកដល់ជនល្មើសទាំងនេះថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការចាត់វិធានការចំពោះបទល្មើ ហើយប្រទេសកម្ពុជាជានីតិរដ្ឋមួយ ដូច្នេះភាគីទាំង២ នឹងសហការចាត់វិធានការ យ៉ាងពេញទំហឹង បើពួកគេនៅតែបន្តធ្វើបទល្មើស ហើយអ្វីដែលទន្ទឹងរង់ចាំពួកគេគឺ ការផាកពិន័យយ៉ាងរឹងមាំរបស់ច្បាប់។ យើងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ក្នុងការចាត់វិធានការទៅលើបទល្មើស ការលេងល្បែងតាមអ៉ីនធើណិត ជួញដូរមនុស្ស ការការពាសន្តិសុខជាតិ និងក៏ដូចជាការបង្រ្កាបភេរវកម្ម គឺភាគីទាំងពីមានការសហការយ៉ាងល្អប្រសើរ ហើយឥលូវស្ថាប័នអនុវត្តច្បាប់ របស់ប្រទេសទាំង២ ក៏បានសិក្សាបន្ថែមទៀត ដើម្បីរៀបចំនៃផែនការសកម្មភាព នៅឆ្នាំអនុវត្តច្បាប់ ហើយជឿជាក់ថា ភាគីទាំងពី នឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើថែមទៀតនៅក្នុងកម្រិតថ្មីមួយទៀត។
* ក្រៅពីចំណុចខាងលើនេះ ភាគីក៏មានកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតផងដែរ គឺភាគីទាំង២ បានសម្រុះសម្រួលគ្នាយ៉ាល្អប្រសើរ នៅក្នុងពហុភាគី និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អន្តរជាតិ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសចិនលើកនេះ គឺមានសមិទ្ធផលជាផ្លែផ្លា និងមានអត្ថន័យយ៉ាងច្រើន មិនគ្រាន់តែធ្វើជាសេចក្តីផ្តើមដ៏ល្អ សម្រាប់៦០ឆ្នាំក្រោយៗ រវាងទំនាក់ទំនងរបស់ប្រទេសចិន និងកម្ពុជា ហើយក៏បានបញ្ជូលកម្លាំងថ្មី ដើម្បីអភិវឌ្ឍ កំណែរទម្រង់ទ្វេភាគី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត ក៏ដូចជាកសាងនូវសហគមន៍ជោគវាសនាតែមួយ មានអត្ថន័យយុទ្ធសាស្ត្ររវាង ចិន និងកម្ពុជា ហើយស្ថានទូតចិននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា ដើម្បីបន្តជំរុញការអនុវត្ត សមិទ្ធផលជាផ្លែផ្កានេះឱ្យកាន់តែល្អប្រសើរថែមទៀត។
* លោកជឿជាក់ថា ការអនុវត្ត នឹងកាន់តែល្អប្រសើរថែមទៀត ជាពិសេសនៅក្នុងការរៀបចំផែនការឆ្នាំទេសចរ និងវប្បធម៌ ក៏ដូចជាឆ្នាំនៃការអនុវត្តច្បាប់ ហើយយើងនឹងមានយុទ្ធនាការ និងសកម្មភាពជាច្រើនបន្ថែម ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕