(សៀមរាប)៖ នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពសំរោង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី អៀងមូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបប្រជុំជាមួយតំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព និងមេឃុំសំរោង ដើម្បីសិក្សាស្វែងយល់អំពីការដាក់បញ្ចូលកម្មវិធី ប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងកម្មវិធីជំងឺ រួមនិងការបញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ ទៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់លោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យបង្អែក អំពីដំណើរការអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍រួចមក ឃើញថា ការបញ្ចូលអ្នកជំងឺមកជាមួយគ្នាជាវិធីសាស្ត្រមួយល្អ ក្នុងការកាត់បន្ថយការរើសអើង។ ប៉ុន្តែតួលេខថ្មីបង្ហាញថា អត្រាឆ្លងជំងឺអេដស៍មានការកើនឡើង។ លោកទេសរដ្ឋមន្រ្តី និងមន្ត្រីអមដំណើរបានសាកសួរដើម្បីស្វែងយល់បន្ថែម។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រីក៏ណែនាំមន្ទីរពេទ្យឱ្យសិក្សាអំពីប្រភពចម្លង។ តើបញ្ហាមកពីនៅតាមភូមិមានអ្នកជំងឺចាស់ ឬយុវជនដែលប្រឈមមុខខ្ពស់ច្រើន? ទេសរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះ កិច្ចប្រឹងប្រែងរួមក្នុងការប្រយុទ្ធនឹងជំងឺអេដស៍កន្លងមក និងផ្តាំផ្ញើឱ្យមន្ទីរពេទ្យ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការងារអេដស៍ រកឱ្យឃើញនូវវិធីសាស្រ្តច្នៃប្រឌិត ក្នុងការឈានទៅបំបាត់មេរោគ អេដស៍នៅឆ្នាំ២០២៥។

នៅក្នុងមណ្ឌលសុខភាពសំរោង ទេសរដ្ឋមន្ត្រី បានសាកសួរអំពីដំណើរការការងារ ក៏ដូចជា ការប្រយុទ្ធនឹងជំងឺអេដស៍។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ក៏បានសួរបញ្ជាក់លោកមេឃុំ អំពីការបញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។ ការអនុវត្តកន្លងមកនៅឃុំសំរោង ពេលមានការប្រជុំតែងមានការលើកឡើង អំពីការងារអេដស៍ផងដែរ។ ប៉ុន្តែចំណុចអាទិភាពក្នុងឃុំ គឺហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ។

នៅរសៀលថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី បានទៅមន្ទីរពេទ្យបង្អែកសៀមរាប ដើម្បីជជែកពិភាក្សាស្វែងយល់អំពីដំណើរការងារ និងរិះរកវិធីសាស្រ្តដើម្បីបន្តនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ លោកអនុប្រធានមន្ទីរពេទ្យ និងលោកប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត បានធ្វើរបាយការណ៍សង្ខេប ក្នុងនោះ ខេត្តសៀមរាបបានសម្រេចគោលដៅ៩០-៩០-៩០ ទី២ និងទី៣ហើយ។

បន្ទាប់ពីសាកសួរ និងជជែកពិភាក្សាដើម្បីរកនូវវិធីសាស្ត្រល្អៗ យកមកអនុវត្ត កិច្ចប្រជុំបានមើលឃើញថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវដើរតួនាទីសំខាន់ក្នុងការឈានទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥។ អាជ្ញាធរមូលដ្ឋានជាអ្នកយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋខ្លួន ជាពិសេសពលករចំណាកស្រុកដែលនៅតែជាគោលដៅ ដែលពិបាកស្វែងរក និងផ្តល់សេវា។ មុនពេលចាកចេញពីមន្ទីរពេទ្យ លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានទៅពិនិត្យកន្លែងធ្វើតេស្តឈាម និងមជ្ឈមណ្ឌលលាងឈាមផងដែរ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរមន្រ្តីសុខាភិបាលដែលប្រឹងប្រែងធ្វើការងារ ជាពិសេសការប្រយុទ្ធនឹងជំងឺអេដស៍ដែលយើងបានរួមគ្នាធ្វើការដោយជោគជ័យ៕