(ភ្នំពេញ)៖ ប្រឡាយភ្លោះស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាតំបន់ហាមឃាត់ រាល់ការសាងសង់សំណង់តូច-ធំផ្សេងៗ ក្នុងការរក្សាឲ្យបាននូវសភាពដើម ព្រោះជាសម្បត្តិរបស់រដ្ឋ និងគ្រោងធ្វើការពង្រីកបើកផ្លូវឲ្យកាន់តែធំទូលាយនៅថ្ងៃក្រោយនោះ ត្រូវប្រជាពលរដ្ឋបានរុះរើសំណង់ចាស់ៗរបស់ខ្លួនចោល ហើយចាប់ផ្ដើមសាងសង់សំណង់រឹងមាំថ្មីជំនួសវិញ។
ទោះបីជាយ៉ាងនេះក្ដី ចំពោះការសាងសង់សំណង់រឹងមាំថ្មី របស់ប្រជាពលរដ្ឋទាំង២ទីតាំង និង២គ្រួសារខាងលើនេះ មិនទទួលបានជោគជ័យឡើយ ព្រោះនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ត្រូវបានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ បានបញ្ជាកម្លាំងមន្ត្រី ការិយាល័យអន្តរវិស័យខណ្ឌ ចុះទៅចាត់វិធានការហាមឃាត់ការសាងសង់ភ្លាមៗ និងព្រមានដកហូតសម្ភារ ឧបករណ៍សំណង់មករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ ក្រោយពីចេញសេចក្ដីជូនដំណឹង២លើកមកហើយ នៅតែមិនព្រមស្ដាប់។
បើតាមការបញ្ជាក់ឲ្យបានដឹងពីលោក ប្រាជ្ញ សីហា ចំពោះប្រឡាយភ្លោះ គឺជាតំបន់ហាមឃាត់រាល់ការសាងសង់សំណង់តូច-ធំទាំងឡាយ ក្នុងការរក្សាឲ្យបាននូវសភាពដើម ព្រោះជាសម្បត្តិរបស់រដ្ឋ និងគ្រោងធ្វើការពង្រីកបើកផ្លូវ ឲ្យកាន់តែធំទូលាយនៅថ្ងៃក្រោយ ទើបមានការណែនាំជាបន្តបន្ទាប់ មកដល់អាជ្ញាធរសង្កាត់ភូមិ និងប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមអនុក្រឹត្យ លេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ពេលឃើញមានមន្ត្រីជំនាញនាំយកលិខិតជូនដំណឹង មកជម្រាបជូនដោយផ្ទាល់ បើក្នុងករណីមិនស្ដាប់តាមការណែនាំ អាចនឹងដកហូតសម្ភារ ឧបករណ៍សំណង់មករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕