(សៀមរាប)៖ «សូមផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ការពារទឹកដី ការពារជាតិរបស់យើង ស្មោះត្រង់ចំពោះជាតិខ្មែររបស់យើង»។ នេះជាការប្រកាសជាថ្មីម្តងទៀតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពីមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ បានថ្លែងសង្កត់ធ្ងន់ទៀតថា «នេះគឺជាអ្វីដែលសំខាន់បំផុត សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ គឺដាច់ខាតខ្មែរដើម្បីខ្មែរ។ ដូច្នេះបងប្អូនត្រូវចាំពាក្យហ្នឹងឲ្យច្បាស់ ព្រោះថា ពេលប្អូនៗចេញទៅធ្វើការហ្នឹង មានទំនាក់ទំនងជាមួយប្រទេសជាច្រើន នៅតាមបណ្តាព្រំដែនក្តី នៅក្នុងប្រទេសក្តី នៅក្នុងក្រសួងក្តី នៅអគ្គបញ្ជាការក្តី ធ្វើការងារអ្វីទាំងអស់គឺក្នុងឆន្ទៈ និងមនសិការជាខ្មែរដើម្បីផលប្រយោជន៍ជាតិខ្មែរ ប្រយោជន៍កងទ័ពខ្មែរ»។
នៅក្នុងពិធីសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី១៩ នៅមុខប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ពជើងគោក រូបនេះ បានបញ្ជាក់ថា «ជាមោទនភាពរបស់ខ្ញុំ និងរបស់គណៈកម្មការជ្រើសរើសនាយទាហានដែលកាលពី៤ឆ្នាំមុន ដាក់ពាក្យប្រឡងក្លាយជាកងទ័ព ប៉ុន្តែមកដល់ពេលនេះប្អូនៗ បានក្លាយជានាយ ទាហានម្នាក់ ដែលមានសមត្ថភាពទាំង ជំនាញយុទ្ធវិធី និងការទទួលខុសត្រូវ ក្នុងភាពជាអ្នកដឹកនាំ ហើយក៏បានក្លាយខ្លួនជាយុវជនម្នាក់ ទៅជានាយទាហានម្នាក់ ត្រៀមខ្លួនដឹកនាំ នៅក្នុងកងទ័ពនាពេលខាងមុខ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏សូមអបអរសាទរប្អូនៗ ដែលបានសម្រេចលទ្ធផលនៅក្នុងរយៈពេលបួនឆ្នាំនេះ និងអបអរសាទរគណៈគ្រប់គ្រង យោធាចារ្យ នៃសាលានាយទាហានសកម្ម ទាំងអស់ដែលបានចូលរួម នៅក្នុងការបណ្ដុះបណ្ដាលនិស្សិនាយទាហានជំនាន់ទី១៩នេះ ទទួលបានជោគជ័យ និងផ្ដល់នូវធនធានមនុស្សដ៏សំខាន់ក្នុងការដឹកនាំនៅក្នុងកងទ័ពជាបន្តទៅទៀត។
លោកថា អត្ថន័យនៃពិធីសច្ចាប្រណិធាននាពេលនេះរួមមាន៖
*ទី១៖ ទីនេះគឺជាកន្លែងសក្តិសិទ្ធ ដែលដែលបុព្វបុរសយើងបានកសាងឡើង
*ទី២៖ គឺជានិមិត្តរូបនៃភាពជាញជ័យរបស់ជាតិខ្មែររបស់យើង ដែលប្រាសាទអង្គរវត្ត ត្រូវបានកសាងនៅក្នុងដំណាក់កាល ដែលខ្មែរជាអាណាចក្រដ៏ធំនៅអាស៊ី និងអត្ថន័យមួយទៀត បង្ហាញពីកងទ័ពគឺជាឆ្អឹងខ្នងនៃអាណាចក្រខ្មែរ នៅក្នុងសម័យនៃការកសាង កងទ័ពគឺជាឆ្អឹងខ្នងនៅក្នុងការការពារជាតិ និងជាការពង្រឹងសក្តានុពលរបស់អាណាចក្រខ្មែររបស់យើង។ ដូច្នេះបងប្អូនត្រូវចងចាំនូវអត្ថន័យ នៃការធ្វើសច្ចាប្រណិធាននៅទីនេះ នៅពេលដែលយើងចេញទៅធ្វើការ នៅតាមបណ្តាអង្គភាពផ្សេងៗ។
លោកបន្តទៀតថា យើងត្រូវមានមោទនភាពជាខ្មែរ និងក្នុងនាមជានាយទាហាន នៃកងយោធពលខេមរៈភូមិន្ទ។ ដូនតាយើងគឺបានកសាងប្រាសាទអង្គរវត្តនិងជាអាណាចក្រ។ ដូច្នេះសមត្ថភាព និងលទ្ធភាពរបស់បុព្វបុរសរបស់យើងដែលជាកូនខ្មែរ ជាឈាមខ្មែរ។ យើងជាកូនចៅជំនាន់ក្រោយ ជាកូនចៅបុព្វបុរសជាណាចក្រនៅទីនេះ យើងក៏មានមោទនភាពជាតិខ្មែររបស់យើង។ ត្រូវចាំឲ្យច្បាស់ពាក្យនេះ ក្នុងនាមនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទ មោទនភាពសម្រាប់ឯកសណ្ឋាន សម្រាប់វិជ្ជាជីវៈជាកងទ័ព ត្រូវហ៊ានពុះពារការលំបាក មានភាពអំណត់អត់ធន់ បើគ្មានការពុះពារការលំបាក គ្មានភាពអំណត់អត់ធន់ បុព្វបុរសរបស់យើងមិនអាចកសាងអង្គរបានមកដល់ពេលនេះទេ។
ការសិក្សា៤ឆ្នាំនេះ គឺជាមូលដ្ឋានសម្រាប់យើងបន្តទៅមុខទៀត ហើយសង្ឃឹមថារយៈពេល៤ឆ្នាំ ៨ឆ្នាំឬក៏១៦ឆ្នាំទៀត ប្អូនៗកាន់តែចេះដឹង ចេះធ្វើ កាន់តែជោគជ័យ កាន់តែរឹងមាំ ដែលជាអនាគតជាតិរបស់យើង ហើយនាយទាហានសកម្មបានដើរតួនាទីសំខាន់ណាស់។ ដូច្នេះនាយទាហានទាំងអស់ត្រូវគោរពលក្ខន្តិកៈ បទវិន័យផ្សេងៗ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ត្រូវតែធ្វើជាគំរូគេ ត្រូវមានការទទួលខុសត្រូវ ត្រូវមានវិន័យ មានភាពស្មោះត្រង់។ សង្ឃឹមថា ការផ្តាំផ្ញើនេះ ប្អូនៗនឹងយកធ្វើជាការកសាងជាប្រទីប និងជាត្រីវិស័យសម្រាប់យើងបន្តទៅមុខទៀត។ នេះជាការបញ្ជាក់បន្ថែមពីមេបញ្ជាការកងទ័ពជើងគោករូបនេះ។
សូមបញ្ជាក់ថា វគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី១៩ ដែលធ្វើសច្ចាប្រណិធានមានចំនួន១0៣នាក់ នារី១៤នាក់។ វគ្គសិក្សានោះមានរយៈពេល៤ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៥ ហើយនឹងត្រូវបញ្ចប់នៅខែកុម្ភៈឆ្នាំ២០១៩៕