(កោះកុង)៖ ពីរនាក់ប្តី-ប្រពន្ធ កំពុងដើរហាត់ប្រាណ ស្រាប់តែត្រូវម៉ូតូបុកស្លាប់ប្រពន្ធ នៅវេលាម៉ោងព្រឹកព្រលឹមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវ១៤៨៣ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម៉ូតូដែលបុកជនរងគ្រោះម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ការ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។
នាងបានធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ចាំងផ្លាតនឹងភ្លើងរថយន្ត មើលមិនឃើញ ក៏បានទៅបុកជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ កំពុងដើរហាត់ប្រាណ បណ្តាលឲ្យស្លាប់ស្រ្តីជាប្រពន្ធឈ្មោះ ច សារឿន អាយុ៣៤ឆ្នាំ។
ដោយឡែកប្តីវិញ ឈ្មោះ ម៉ាញ វិចិត្រ អាយុ៤៥ឆ្នាំ ត្រូវរងរបួសធ្ងន់។
បច្ចុប្បន្ន ជនបង្ក និងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់មកអធិការដ្ឋានស្រែអំបិល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ហើយចំពោះសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅគេហដ្ឋាននៃសពតាមប្រពៃណី៕