(ភ្នំពេញ)៖ ថ្មីៗនេះលោក សម រង្ស៉ី ដែលបច្ចុប្បន្នមានងារជាទណ្ឌិត បានលើកឡើងម្តងហើយម្តងទៀតអំពីហេតុ ផលដែលធ្វើឱ្យលោកខកខានមិនបានវិលត្រឡប់ចូលស្រុកវិញ ដោយក្នុងនោះបានដាក់បន្ទុកទៅលើ សម្តេចក្រឡាហោម ស ខេង និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថាជាអ្នកស្នើមិនឱ្យលោកវិលត្រឡប់ តាមការគ្រោងទុក ដោយត្រូវរង់ចាំការស្រុះស្រួលផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា ជាមុនសិន។
ដូចមជ្ឈដ្ឋានទូទៅបានដឹងរួចមកហើយថា ការនិរទេសខ្លួនរបស់ លោក សម រង្ស៉ី លើកនេះ គឺមិនមែនជាលើកទី១នោះទេ ពោលគឺលោកធ្លាប់បានរត់គេចខ្លួនចេញពីប្រទេសជាច្រើនលើករួចមកហើយ បន្ទាប់ពីបង្កបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបណ្តឹងតាមផ្លូវច្បាប់ ដូចជា ការបរិហាកេរ្តិ៍បុគ្គល ការញុះញង់ដកតម្រុយព្រំដែន និង ការប្រើប្រាស់ផែនទីព្រំដែនក្លែងក្លាយជាដើម។ ក្នុងសាវតានៃការនិរទេសខ្លួនរបស់ លោក សម រង្ស៉ី មិនត្រូវបានចាត់ទុកជាអ្នកក្លាហានអ្វីនោះទេ ព្រោះថា រាល់ការវិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៉ី គឺតែងតែ មានការសម្របសម្រួលនយោបាយ ដើម្បីស្នើសុំការប្រោសព្រះរាជទានការលើកលែងទោសពីអង្គព្រះមហាក្សត្រ តាមរយៈសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
បើយើងក្រឡេកមើលសាវតានៃការនិរទេសខ្លួនរបស់ លោក សម រង្ស៉ី ឃើញថា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ននេះ មានការនិរទេស និងការធ្វើមាតុភូមិនិវត្តន៍ជាច្រើនលើក រួមមាន៖
១៖ ខែមិថុនា ឆ្នាំ១៩៩៧ បាននិរទេសខ្លួនទៅក្រៅប្រទេស បន្ទាប់បានពីដឹកនាំបាតុកម្មជាបន្តបន្ទាប់ និងបានត្រឡប់ចូលស្រុកវិញនៅក្នុងខែវិច្ឆិកា ឆ្នាំដដែល ក្រោយពីសភាពការណ៍ស្រុកទេសបានវិលមករកស្ថានភាពប្រក្រតីឡើងវិញ បន្ទាប់ពីព្រឹត្តិការណ៍ ថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ។
២៖ ខែកុម្ភៈ ឆ្នាំ២០០៥ បាននិរទេសខ្លួនទៅក្រៅប្រទេស បន្ទាប់ពីត្រូវបានតុលាការផ្តន្ទាទោសពីបទបរិហាកេរ្តិ៍មកលើប្រមុខរាជរដ្ឋាភិបាល ។ ករណីនេះ លោក សម រង្ស៉ី បានទទួលការប្រោសព្រះរាជទានលើកលែងទោស និងបានធ្វើមាតុភូមិនិវត្តន៍នៅខែកុម្ភៈ ឆ្នាំ២០០៦ ។
៣៖ នៅចុងឆ្នាំ២០០៩ បាននិរទេសខ្លួនទៅក្រៅប្រទេស បន្ទាប់ពីបានដឹកនាំក្រុមរបស់ខ្លួនដកតម្រុយព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។ ក្នុងស្មារតីបង្រួបបង្រួមជាតិ លោក សម រង្ស៉ី ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល និងបានត្រឡប់ចូលប្រទេសវិញនៅក្នុងឆ្នាំ២០១៣ ។
៤៖ នៅខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៉ី បានរត់គេចខ្លួនទៅបរទេសដោយខ្លួនឯងជាថ្មីម្តងទៀត រហូតមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីរដ្ឋសភាសម្រេចដកអភ័យឯកសិទ្ធិ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។
ផ្អែកតាមសាវតាខាងលើនេះ យើងអាចយល់បានថា ការលើកឡើងនូវលេសប្រឌិតដដែលៗក្រោម ហេតុផលថា សម្តេចក្រឡាហោម ស ខេង បានហាមឃាត់រូបគាត់មិនឱ្យវិលត្រឡប់ចូលប្រទេសវិញ កាលពីឆ្នាំ២០១៥ គឺជាពាក្យសំដីបំភ្លៃមួលបង្កាច់ក្នុងបំណងទុច្ចរិត ដើម្បីបិទបាំងភាពកំសាករបស់ខ្លួន ដែលមិនហ៊ានត្រឡប់ចូលស្រុក មកទទួលទោសតែប៉ុណ្ណោះ។
ទន្ទឹមនេះ ពាក់ព័ន្ធនឹងការប្រកាសវិលត្រឡប់របស់លោក សម រង្ស៉ី ចុងក្រោយនេះ គឺគ្រាន់តែជាចេតនារាំងខ្ទប់កម្លាំងគាំទ្រផ្ទៃក្នុង កុំឱ្យមានការបែកបាក់ប្រេះឆា បន្ទាប់ពីខ្លួនបានរៀបចំសមាជខុសច្បាប់ដើម្បី ទាមទារសិទ្ធិគ្រប់គ្រងលើអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលរួចទៅហើយ ។ ការប្រកាសវិលចូលស្រុកបែបនេះ គឺមិនមែនទើបតែធ្វើឡើងជាលើកទី១នោះទេ ហើយក៏គ្មានឥទ្ធិពលប៉ះពាល់ ដល់ដំណើរការជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជានោះដែរ។
ត្រង់ចំណុចនេះ យើងអាចមើលឃើញថា ក្នុងនាមជាអ្នកនយោបាយដ៏ចាស់វស្សាមួយរូបនៅក្នុងឆាកនយោបាយកម្ពុជា សម្តេចក្រឡាហោម ស ខេង ដូចជាមិនដល់ថ្នាក់ឆោតល្ងង់ទៅប្រាប់លោក សម រង្ស៉ី មិនឱ្យវិលត្រឡប់ចូលស្រុកវិញនោះទេ ព្រោះថា ការធ្វើបែបនេះវាផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញដែលមិនអាចហាមឃាត់ពលរដ្ឋខ្មែរណាម្នាក់មិនឱ្យវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនឡើយ ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះនឹងកាន់តែផ្តល់ឱកាសឱ្យលោក សម រង្ស៉ី មានលេសវាយប្រហារ និងលើកជាហេតុផលថា
ការដែលលោកមិនវិលត្រឡប់ គឺដោយសារមានការហាមឃាត់។
ដូចនេះ វាបានបង្ហាញយ៉ាងច្បាស់ហើយថា ការប្រឌិតជាលេស តាមរយៈការប្រកាសម្តងហើយម្តងទៀត របស់លោក សម រង្ស៉ី គឺគ្រាន់តែជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក និងភាពអាម៉ាសរបស់ខ្លួនតែប៉ុណ្ណោះ ។
យើងនឹងរង់ចាំមើលថាតើ លោក សម រង្ស៉ី អាចប្រឌិតលេសថ្មីៗយ៉ាងដូចម្តេចទៀត ដើម្បីបិទបាំងភាពកំសាករបស់ខ្លួន និងរត់គេចចេញពីសំណាញ់ច្បាប់ នាពេលខាងមុខនេះ?