(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ៨០មីលីម៉ែត្រ២គ្រាប់ ខណៈទៅឃ្វាលគោ ហើយបានប្រគល់ឱ្យនគរបាលស្រុកភ្នំក្រវាញ ដើម្បីទាក់ទងអង្គភាព Hallo Trust យកទៅកម្ទេចចោល។ ហេតុការណ៍ភ្នាក់ផ្អើលបានកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រៃអូរជ្រៃ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ប្រជាជនដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខណៈទៅឃ្វាលគោនោះ មានឈ្មោះ អ៊ែ អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ៨០មីលីម៉ែត្រ២គ្រាប់ ក្នុងព្រៃអូរជ្រៃ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគ្រាប់ទាំងអស់នោះ មានគុណភាពចាស់ ហើយបានរាយការណ៍ និងប្រគល់ឱ្យនគរបាលស្រុកភ្នំក្រវាញរក្សាទុករង់ចាំអង្គភាព Hallo Trust យកទៅកម្ទេចចោលនៅពេលក្រោយ។
ករណីនេះត្រូវលោកអធិការស្រុក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវកាំភ្លើងធន់ធ្ងន់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬផ្សេងក្តី ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីយកទៅកម្ទេចចោល ជៀសវាងកើតមានគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍ក្រពើពីរ ស្រុកវាលវែង ក៏បានធ្វើកំណត់ហេតុ ប្រគល់ទទួលអាវុធពីលោកមេភូមិ និងអនុភូមិបឹងរំលេច ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ចំនួន១១ដើម គ្រាប់បែក០១គ្រាប់ ក្នុងនោះមានកាំភ្លើងឆ្នុក០២ដើម, កាំភ្លើងស្នប់ខ្យល់០៣ដើម, កាំភ្លើងប្រើហ្គាស់០១ដើម(ខូច), កាំភ្លើងCKC០២ដើម(ខូច) និងកាំភ្លើងAK០១ដើម(ខូច) ដែលត្រូវបានប្រជាពលរដ្ឋប្រគល់ជូនពួកគាត់ផងដែរ៕