(ភ្នំពេញ)៖ របាយការណ៍ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៨ អត្រានៃអ្នកដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានជាង៦លាននាក់កើនឡើងចំនួន១៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដោយឡែកសម្រាប់អ្នកខ្ចីប្រាក់ មានការកើនឡើងត្រឹមតែ២.៨៥លាននាក់ មានកំណើន៣%ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៧។

ជាមួយនឹងការកើនឡើងឥតឈប់ឈរនេះ វិស័យធនាគារក៏បានពង្រីកសាខា និងបណ្ដាញប្រតិបត្តិការ ជាបន្ដបន្ទាប់ដោយក្នុងនោះមានចំនួន២,១៦៤កន្លែង។ ចំណែកឯម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិកើនរហូតដល់១,៨០៤នៅទូទាំងប្រទេសកម្ពុជា។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឲ្យដឹងថា ធនាគារជាតិបានប្រឹងប្រែង ធ្វើឲ្យវិស័យធនាគារមានការរីកចម្រើន ដោយធនាគារជាតិបានលើកម្ពស់បរិយាប័នហិរញ្ញវត្ថុ និងបង្ការហានីភ័យលើវិស័យធនាគារ ដើម្បីបន្ដគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាថែមទៀតផង។

លោកបន្ដថា លទ្ធផលទាំងនេះបានស្ដែងពិសេស តាមរយៈកំណើននៃប្រាក់បញ្ញើឥណទាន និងការទូទាត់ក្នុងប្រព័ន្ធធនាគារ។ ទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជា បានបន្ដតម្លាភាព, ការប្រកួតប្រជែងស្មើភាព, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសេចក្ដីព្រាងយុទ្ធសាស្រ្ដជាតិ ស្ដីពីបរិយាប័នហិរញ្ញវត្ថុកម្ពុជា ដែលសំដៅរួមចំណែកធានានិរន្ដភាព នៃកាវិវត្តវិស័យធនាគារ។

លោកបញ្ជាក់ថា គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យបញ្ជូលការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និងជំនឿទុកចិត្តលើសេវាហិរញ្ញវត្ថុ៕