(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ​បានលើកឡើងថា អ្វីៗសព្វគ្រប់នៅលើលោក គឺផ្តើមចេញពីលោកគ្រូអ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ជាពុម្ពផលិតមនុស្សថ្មី ជាអ្នកសាបព្រោះព្រលឹងរបស់ជាតិ ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិ និងជាជាងចម្លាក់ដ៏ចំណាន គ្រូមានភារកិច្ចច្បាស់ណាស់ ដើម្បីផលិត និងបោះពុម្ពមនុស្សចេញមក ប្រកបទៅដោយធនធាន សមត្ថភាព និងទេពកោសល្យ។

ការលើកឡើងរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃ។ ពិធីនេះត្រូវបានប្រារព្ធនៅសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការជួបជុំគ្នានេះ គឺជាកាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអប់រំ ក៏ដូចជាអ្នកពាក់ព័ន្ធសម្រាប់ជាធាតុចូល ក្នុងការបង្កើនប្រសិទ្ធភាព នៃផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងលើកទិសដៅឆ្នាំសិក្សាថ្មី ឲ្យកាន់តែប្រសើរ ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើវិស័យអប់រំ ជាវិស័យអាទិ៍ភាព និងជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា «ដើម្បីពង្រឹងគុណភាព និងធនធានចំណេះដឹងរបស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំត្រូវអនុវត្តតួនាទី និងភារកិច្ច ដោយឈរនៅលើភាពសុក្រិត យុត្តិធម៌ មិនលំអៀង ចំពោះបេសកកម្ម ឬសិក្ខាសាលា ដែលមានលុយ​ត្រូវឲ្យបុគ្គលត្រូវជំនាញទៅជាដាច់ខាត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន»

ថ្នាក់ដឹកនាំខេត្តរូបនេះ បានលើកឡើង​ថា មនុស្សដែលមិនស្គាល់ពីអតីតកាលរបស់ខ្លួន គឺមិនដែលជោគជ័យនៅក្នុងពេលបច្ចុប្បន្នទេ ហើយបើមិនស្គាល់ពី កម្លាំងនៅពេលបច្ចុប្បន្នរបស់ខ្លួនទេ គឺមិនអាចលើកទិសដៅយកជោគជ័យទៅថ្ងៃអនាគតដែរ។ ភាពស្មោះត្រង់ជាមួយប្រទេស គឺមានតម្លៃស្មើនឹងជីវិត ភាពយុត្តិធម៌ និងមនសិការរបស់ជាតិ គឺមិនអាចដាក់កញ្ចែងលក់នៅឯផ្សារបាននោះឡើយ ត្រង់ចំណុចនេះ លោកគ្រូអ្នកគ្រូត្រូវបណ្តុះ ខាកខ្ជាក់ នូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយម ដល់កូនចៅយើងជំនាន់ក្រោយ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំស្រុកក្រុង នាយក និងប្រធានកម្រង ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សូមយកសុខទុក្ខមន្ត្រីក្រោមឱវាទ ជាសុខទុក្ខគ្រួសាររបស់យើង ដោយពិនិត្យមើលឲ្យច្បាស់លាស់ដល់ខ្នងផ្ទះ នូវតម្រូវការ និងការស្នើសុំរបស់មន្ត្រីខ្លួន។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ ក៏មានកម្មវិធីចែកជូនទង់ជ័យលាភី និងប័ណ្ណសរសើរ ដល់សាលាដែលមានស្នាដៃ រួមមានទង់ជ័យលាភី ចំណាត់ថ្នាក់លេខ១ គឺវិទ្យាល័យពោធិ៍សាត់ វិទ្យាល័យហ៊ុនសែនក្រវាញ សាលាបឋមសិក្សាទួលលៀប និងបឋមសិក្សាកុលាប។ ចំណាត់លេខ២ វិទ្យាល័យហ៊ុនសែនបាក់ចិញ្ជៀន សាលាបឋមសិក្សាកែវមុនី សាលាបឋមសិក្សាឈូកមាស សាលាបឋមសិក្សាអូតាប៉ោង និងបឋមសិក្សាលាច។ ជូនប័ណ្ណសរសើរ ដល់សាលាបឋមសិក្សាអូរកា សាលាបឋមសិក្សាកោះក្រសាំង សាលាបឋមសិក្សាកោះវត្ត សាលាបឋមសិក្សាស្វាយស សាលាបឋមសិក្សាទឹកល្អក់ សាលាបឋមសិក្សាក្សេត្របុរី សាលាបឋមសិក្សាព្រែក១ និងសាលាបឋមសិក្សាកោះចម្លង៕​