(បាត់ដំបង)៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សស្រុកសង្កែ បានរៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ ប្រធាន អនុប្រធានក្រុមការងារចុះពង្រឹងបក្សមូលដ្ឋានឃុំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងអណត្តិថ្មីក្រោមអធិបតីភាព លោក ឡោក ហ៊ួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល ប្រធានក្រុមការងារបក្សពង្រឹងមូលដ្ឋានចុះជួយឃុំនានា ក្នុងស្រុកសង្កែទាំងអស់ផងដែរ។

បន្ទាប់ពីលោក ជឿង ស៊ិន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ បានឡើងអានសេចក្តីសម្រេច ប្រកាស កែសម្រួល សមាសភាពក្រុមការងារទាំងអស់រួចមកលោក ឡោក ហ៊ួរ បានថ្លែងថា ប្រធានក្រុមការងារបក្សចុះពង្រឹងបក្សមូលដ្ឋាន នៅតាមបណ្តាមឃុំនានាមួយចំនួន មានការផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀត គឺធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បក្សឱ្យមានប្រសិទ្ធភាពជាងមុន សម្រាប់បម្រើការងារមូលដ្ឋានក្នុងគោលដៅ ដណ្តើមជ័យជម្នះជូនគណបក្សប្រ ជាជននៅពេលបោះឆ្នោត នៅអណត្តិក្រោយៗទៀត។

លោកប្រធានក្រុមការងារចុះជួយស្រុកសង្កែ បានបញ្ជាក់ថា បន្ទាប់ពីបានប្រកាសសមាភាពរួចមក លោកស្នើឱ្យប្រធានក្រុមការងារនៅតាមបណ្តាឃុំនានាទាំងអស់ ត្រូវខិតខំបន្តធ្វើការងារ នៅក្នុងមូលដ្ឋានរបស់ខ្លួន ទទួលខុសត្រូវ ហើយទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានយើងត្រូវសហការគ្នាឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកប្រធានក្រុមការងារ បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ទៀតថា «យើងត្រូវដឹងពីបញ្ហាប្រឈម ក្តីកង្វល់និងសំណូមពរចាំបាច់ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំ ដោយត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា»

លោកបានបន្តទៀតថា «ក្នុងនាមយើងជាតំណាងរបស់ប្រជាពលរដ្ឋ ត្រូវធ្វើអ្វីៗដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំគ្រប់ពេលវេលា និងត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត»