(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលផ្ទាល់ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាទៅប្រគល់ ជូនលោកតាពិការភ្នែកទីទ័លក្រ មុខរបរឡើងត្នោត និងលោកតា លោកយាយ២នាក់ទៀត ព្រមទាំងស្ត្រីខ្វះសតិម្នាក់ ដែលរស់នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

១៖ លោកតា សួន សូត្រ អាយុ ៦៥ឆ្នាំ ពិការភ្នែក ទីទ័លក្រ ប្រកបមុខរបរឡើងត្នោត រស់នៅក្នុងភូមិស្លែង ឃុំស្វាយអំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

២៖ លោកយាយ យង់ មាស អាយុ ៦២ឆ្នាំ ចាស់ជរាគ្មានទីពឹង រស់នៅក្នុងខ្ទមទ្រុឌទ្រោម ដែលសព្វថ្ងៃបានអ្នកជិតខាងជួយយកអាសា ។

៣៖ លោកយាយ គៀត ឡុំ អាយុ ១០៤ឆ្នាំ និងស្ត្រីខ្វះសតិម្នាក់ រស់នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

 ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នេះលោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតអាសូរ និងសូមជូនពរឲ្យលោកតា លោកយាយ សូមមានសុខភាពល្អ ចេះថែទាំសុខភាព និងទទួលទាន ប្រកបដោយអនាម័យ ដើម្បីការពារនូវជំងឺទាំងឡាយមកយាយី ។

លោកតា លោកយាយ ដែលបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា មានក្តីរំភើបឥតឧបមារហូតដល់ស្រែកយំហូរទឹកភ្នែក ដោយបាន កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានគិតគូរ ជួយដោះស្រាយ និងសម្រាលរាល់ការលំបាក ផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ពួកគាត់ក៏ដូចប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ចំពោះអំណោយដែលបានផ្តល់ជូនលោកតា លោកយាយ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ១០០គីឡូក្រាម មីយើង ៥កេស ត្រីខ ៥យួរ ទឹកដោះគោខាប់ ១០កំប៉ុង ត្រីងៀត ១គីឡូក្រាម សាច់ក្រក់ ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម ស្កសរ ១គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ឃីត១ (មុង ១ ភួយ១ ក្រមា ១ សារុង ១) រួមនឹងថវិកាមួយចំនួនផងដែរ ៕