(កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទ សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខដោយផ្ទាល់ និងប្រោសប្រទាននូវព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករចំនួន៤៦០គ្រួសារ លោកគ្រូ អ្នកគ្រូ ចំនួន១៦នាក់ និងកុមារចំនួន៥៥០នាក់ ស្ថិតនៅភូមិជ្រៃកោងលិច និងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិកម្ពុជា (AKP)។
ដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាឱកាសនោះ មានវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
ក្នុងឱកាសស្តេចយាងដល់ឃុំខ្នារឆ្មារ ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះ សំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៥គ្រួសារ ដល់ក្នុងលំនៅឋាន។
ព្រះអង្គបានប្រោសប្រទាន នូវព្រះរាជអំណោយដល់គ្រួសារទាំង៥ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់, (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់ខៀវ១ផ្ទាំង, មី១កេស, ត្រីខ១០កំប៉ុង, ស្បែកជើងផ្ទាត់១គូរ, អាហារសម្រន់១កញ្ចប់, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល។
ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន១៦នាក់ ក៏ទទួលបានព្រះរាជអំណោយ ដោយក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា៥ម៉ឺនរៀល។ ចំណែកកុមារចំនួន៥៥០នាក់ ទទួលបានអាហារសម្រន់មួយពេល សម្លៀកបំពាក់សិស្សមួយកំប្លេរ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១, សៀវភៅសរសេរ២ក្បាល, ប៊ិច១ដើម និងថវិកា៥ពាន់រៀល។
បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យ បន្តយាងជួបសំណេះសំណាល និងប្រោសប្រទាននូវព្រះរាជអំណោយដោយផ្ទាល់ ដល់ប្រជារាស្រ្តជាកសិករ ចំនួន៤៦០គ្រួសារ បន្ថែមទៀត។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹក និងគោរពស្រឡាញ់ជាទីបំផុត។
មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ ព្រះករុណាបានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទទួលបានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែមានវិធានការបានទាន់ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យ របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។
ទន្ទឹមគ្នានេះដែរ ព្រះអង្គក៏បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ចំពោះសមិទ្ធផលការងារជាច្រើន ដែលសម្រេចបានកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមកព្រះមហាក្សត្រ ស្តេចយាងប្រោសប្រទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តទាំង៤៦០គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។
ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៤៦០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), តង់ខៀវ១ផ្ទាំង, មី១កេស, ត្រីខ១០កំប៉ុង, ស្បែកជើងផ្ទាត់១គូ, អាហារសម្រន់១កញ្ចប់, អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល៕