(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំ ដោយដាក់ចេញនូវវិធានការលើកកម្ពស់ ផលិតកម្ម និងធុរកិច្ចស្រូវអង្ករ ក្រោយពេលដែលគណៈកម្មការអឺរ៉ុប សម្រេចយកពន្ធលើអង្កររបស់កម្ពុជា។
សេចក្តីណែនាំរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា ដើម្បីលើកកម្ពស់ធុរកិច្ចស្រូវអង្ករ ពិសេសការជួយអន្តរាគមន៍ ទប់ស្កាត់សភាពការណ៍នៃការធ្លាក់ចុះនៃតម្លៃស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចដាក់ចេញនូវវិធានការណែនាំចាំបាច់មួយចំនួន សម្រាប់អនុវត្តបន្ទាន់ដូចខាងក្រោម៖
១៖ អង្គភាពជំនាញក្រោមឱវាទ ក្រសួងត្រូវបន្តការស្រាវជ្រាវបញ្ចេញ ប្រភេទពូជស្រូវក្រអូបប្រណិត និងផលិតកម្មគ្រាប់ពូជស្រូវក្រអូបសុទ្ធ តាមរយៈការផលិតនៅថ្នាក់សហគមន៍ និងក្រុមកសិករផលិតគ្រាប់ពូជ ធ្វើយ៉ាងណាឱ្យមានគ្រាប់ពូជគ្រប់គ្រាន់ និងតម្លៃសមរម្យ ដើម្បីពង្រីកផលិតកម្មស្រូវក្រអូប។ ជាមួយគ្នានេះស្នើវិស័យឯកជន ចូលរួមដាក់ទុនវិនិយោគក្នុងការផលិតគ្រាប់ពូជស្រូវក្រអូប ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ។
២៖ ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមផលិតកម្ម ត្រូវជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀត នូវវិធានការបច្ចេកទេសផលិតកម្ម ដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច រួមជាមួយនឹងការអនុវត្តទំនើបភាវូបនីយកម្មកសិកម្ម។ ជាមួយគ្នានេះ ត្រូវបានពិនិត្យកាត់បន្ថយថ្លៃចំណាយ លើការធ្វើធូបនកម្ម តាមរយៈការបង្កើនចំនួនក្រុមហ៊ុន ដែលមានសមត្ថភាពចូលរួមធ្វើការងារនេះ ឱ្យបានច្រើនមានការប្រកួតប្រជែង និងយកកម្រៃសេវាទាបជាងមុន។ ក្នុងន័យនេះ អគ្គនាយកដ្ឋានកសិកម្ម ត្រូវពិនិត្យសិក្សាឱ្យបានហ្មត់ចត់ និងជំរុញការងារនេះឱ្យបានឆាប់។ ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការនាំចូលជីកសិកម្ម ថ្នាំកសិកម្មឱ្យបានលឿននិងមានប្រសិទ្ធភាពជាងមុន នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវសម្រួលបែបបទការនាំចូលជីកសិកម្មថ្នាំកសិកម្ម និងសម្ភារកសិកម្មដទៃទៀតឱ្យកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ ត្រូវរៀបចំក្រុមការងារបច្ចេកទេសចម្រុះ ចុះពិនិត្យគុណភាពជីគីមីកសិកម្ម និងថ្នាំកសិកម្ម ដើម្បីធានាពីគុណភាពស្របតាមស្តង់ដារកំណត់។
៣៖ អ្នកប្រមូលទិញស្រូវ ត្រូវបន្តធ្វើការទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានឥណទាន ប្រមូលទិញស្រូវពីកសិករ សហគមន៍កសិកម្ម និងមិនត្រូវយកហេតុផលនៃការដាក់វិធានការការពារទីផ្សាររបស់សហគមន៍អឺរ៉ុប មកទម្លាក់ថ្លៃទិញស្រូវពីកសិករឡើយ។ ក្រុមហ៊ុននាំចេញអង្ករ ត្រូវពិនិត្យនិងធានាគុណភាពអង្ករក្រអូបឱ្យបានសុទ្ធល្អមិនត្រូវលាយបន្លំអង្ករប្រភេទផ្សេង ដែលនាំឱ្យអតិថិជនបាត់បង់ជំនឿលើគុណភាពអង្ករក្រអូបកម្ពុជា។
៤៖ សហព័ន្ធស្រូវអង្ករកម្ពុជា គួរយកចិត្តទុកដាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីនកិនស្រូវ ខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករ ឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ដែលមានរហូតដល់៤០ម៉ឺនតោន នាពេលបច្ចុប្បន្ននេះ។ លើសពីនេះទៀត សហព័ន្ធស្រូវអង្ករកម្ពុជា គួរពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួន ដើម្បីពិនិត្យលើបញ្ហាប្រឈមពីផលប៉ះពាល់ នៃការដាក់វិធានការការពារទីផ្សារអង្កររបស់សហគមន៍អឺរ៉ុប រួចលើកសំណើ ឬសំណូមពរមកក្រុមការងារផ្នែកស្រូវ-អង្គរ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិនិត្យ និងរកដំណោះស្រាយតាមការចាំបាច់។
សហគមន៍អឺរ៉ុប បានសម្រេចដាក់វិធានការការពារទីផ្សារ ដោយចាប់ផ្ដើមយកពន្ធលើការនាំចេញអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចូលទៅកាន់សហគមន៍អឺរ៉ុបសម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ការយកពន្ធនាំចូលអង្កររបស់កម្ពុជាចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី១៨ខែមករា ឆ្នាំ២០១៩ តទៅ ដោយឆ្នាំដំបូងពន្ធត្រូវបង់មានចំនួន១៧៥អឺរ៉ូក្នុង១តោន ឆ្នាំទី២ត្រូវបង់១៥០អឺរ៉ូក្នុង១តោននិងឆ្នាំទី៣ត្រូវបង់១២៥អឺរ៉ូក្នុង១តោន។
ក្រសួងកសិកម្មមើលឃើញថា ការដាក់វិធានការការពារទីផ្សារនេះ នឹងធ្វើឱ្យតម្លៃអង្ករកម្ពុជា បង្កើនតម្លៃបន្ថែមទៀតពីលើតម្លៃបច្ចុប្បន្ន ដែលកម្ពុជាលក់នៅលើទីសហគមន៍អឺរ៉ុប។ កន្លងមក នៅឆ្នាំ២០១៧-២០១៨ កម្ពុជាបានផលិតស្រូវចំនួនជាង១០.៥លានតោន និងមានអតិរេកស្បៀងជាអង្ករចំនួន៣.៥៥លានតោន (ឬ៥.៥៦លានតោនស្រូវ) សម្រាប់បម្រើឱ្យការប្រើប្រាស់ឧស្សាហកម្មស្បៀងក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករកម្ពុជាទៅសហគមន៍អឺរ៉ុបមានតែចំនួន ២៦៩ពាន់តោន ស្មើនឹង៧,៥% ប៉ុណ្ណោះ។
ជាមួយគ្នានេះ តម្លៃស្រូវរដូវប្រាំងនៅដើមឆ្នាំ២០១៩នេះ មានការធ្លាក់ចុះបន្តិចបន្តចធៀបនឹងឆ្នាំកន្លង ទៅស្របពេលដែលការប្រមូលផលបានមកដល់ និងបរិមាណស្រូវដែលប្រមូលទិញ ពីកសិករនាពេលនេះ មានការថយចុះជាងឆ្នាំកន្លងទៅ ព្រមជាមួយនឹងការបារម្ភពីអ្នកនាំចេញអង្ករ អ្នកប្រមូលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ពីការដាក់វិធានការការពារទីផ្សាររបស់សហគមន៍អឺរ៉ុប ដែលអាចនាំឱ្យមានការទម្លាក់ថ្លៃទិញស្រូវពីកសិករ។ ក្នុងស្ថានភាពនៃការដាក់វិធានការទីផ្សារ លើការនាំចូលអង្ករទៅសហគមន៍អឺរ៉ុប ការពង្រឹង និងពង្រីកសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសការកាត់បន្ថយថ្លៃដើមផលិតកម្ម គឺជាកត្តាចាំបាច់និងសំខាន់បំផុត៕