(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធី «ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)» វគ្គផ្តាច់ព្រ័ត្រលើកទី១១ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 នៅសាលាប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) ដែលមានបេក្ខជន វគ្គផ្តាច់ព្រ័ត្រ ចំនួន២៥នាក់ មកពី១៣សាខា។
កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប។
តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL) បានឱ្យដឹងថា បច្ចុប្បន្ន សាលាប៊ែលធីអន្តរជាតិ មាន២១សាខា ក្នុងនោះ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១,៨០៤នាក់។
គោលបំណងនៃការប្រកួតនិយាយភាសាអង់គ្លេស គឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាព មានថ្វីមាត់ក្នុងការនិយាយភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរ ជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា៖ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច ៥.៥ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។
លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី ៦.៥ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ រយៈពេល៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី ៧.៥ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសផងដែរ។ ដោយឡែក សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ ដែលកម្មវិធីសិក្សាអន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នាពីសាលា រហូតដល់សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជាភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំងផ្តល់ភាពងាយស្រួលជូនដល់និស្សិត ក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន ១២នាក់ផងដែរ។
សូមបញ្ជាក់ថា សាលាប៊ែលធីអន្តរជាតិ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ទីតាំងប៊ែលធី ទាំង១៩សាខា ថ្នាក់ចំណេះទូទៅ ឆមាសទី២ ចូលរៀនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ និងថ្នាក់ភាសាអង់គ្លេស វគ្គថ្មីចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ បង់ថ្លៃសិក្សា ១វគ្គផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត ផងដែរ៕