(ភ្នំពេញ)៖ គណៈប្រតិភូអង្គការ IFAD បានកត់សម្គាល់ពីវឌ្ឍនភាព គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងបានសម្តែងការពេញចិត្ត ចំពោះលទ្ធផលសម្រេចបាន ដោយការិយាល័យគ្រប់គ្រងគម្រោង (PMO) បន្ទាប់ពីមន្ត្រីរបស់ខ្លួន បានចុះបំពេញបេសកកម្មគាំទ្រការអនុវត្តគម្រោង AIMS រយៈពេល០៤ថ្ងៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២១ ដល់ទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅល្ងាចទី២៤ ខែមករា ឆ្នាំ២០១៩ លោក Kaushik Barua នាយកប្រចាំប្រទេសនៃអង្គការ IFAD បានគូសបញ្ជាក់ថា លោកមានការរីករាយ នៅពេលឃើញគម្រោង AIMS កំពុងស្ថិតលើគន្លងផ្លូវត្រឹមត្រូវ មានភាពស៊ីសង្វាក់ជាមួយសូចនករ ដែលបានកំណត់ និងអាចបំពេញដល់គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
លោក Kaushik Barua បានសំណូមពរ លោករដ្ឋមន្ត្រី អនុញ្ញាតឲ្យគម្រោង AIMS បានចូលរួមជាមួយគម្រោងនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រទីផ្សារកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) ដែលអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសារគម្រោងទាំងពីរនេះ អាចជួយបំពេញឲ្យគ្នាទៅវិញទៅមក លើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន នៅតាមតំបន់ជនបទ ដើម្បីលើកស្ទួយវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះលទ្ធផលអង្កេតរបស់អង្គការ IFAD និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលជានិច្ចជាកាល តែងបានជួយគាំទ្របច្ចេកទេស ជាពិសេសការតម្រង់ទិសការអនុវត្តគម្រោង AIMS របស់ក្រសួងពាណិជ្ជកម្ម ឲ្យបានចំគោលដៅ និងទទួលបានលទ្ធផលគាប់ប្រសើរ។
លោករដ្ឋមន្ត្រី បានជម្រាបជូនលោក Kaushik Barua អំពីកិច្ចប្រឹងប្រែងរបស់ក្រសួង និងមន្ទីពាណិជ្ជកម្ម រួមជាមួយវិស័យឯកជន ក្នុងការអនុវត្តគម្រោង AIMS ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រ និងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងបានជម្រាបប្រតិភូអង្គការ IFAD អំពីការកែសម្រួលសមាសភាព មន្រ្តីអនុវត្តគម្រោង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តគម្រោង AIMS ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងសំណូមពររបស់អង្គការ IFAD ក្នុងការចូលរួមជាមួយគម្រោង SAAMBAT លោក ប៉ាន សូរស័ក្តិ បានសន្យានឹងពិចារណា ព្រមទាំងលើកយកទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំ PMO នៅក្នុងពេលខាងមុខ ដើម្បីពិនិត្យ និងសម្រចដោយផ្អែកលើទទ្ប្ហីរណ៍ជាក់ស្តែង រួមជាមួយឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ៕